(កំពង់ធំ)៖ លោកស្រី ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ និងលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ព្រមទាំងសហការី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានយកអំណោយចែកជូនដល់ចាសជរា ជនមានពិការភាព និងស្ត្រីក្រីក្រចំនួន១១គ្រួសារ នៅស្រុកចំនួនពីរ ក្នុងខេត្តកំពង់ធំ គឺស្រុកសណ្ដាន់ និងស្រុកប្រាសាទបល្ល័ង្ក។
លោកស្រី ម៉េត រ៉ាវីចិត្រ សុខ លូ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្ដទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា។ លោកស្រីប្រធានកិត្តិយស បានបន្តទៀតថា អំណោយទាំងអស់នេះ វាមិនអាចជួយបំពេញតម្រូវការបានយូរអង្វែងនោះទេ ក៏ប៉ុន្តែវាអាចជួយសម្រួលទុក្ខលំបាកប្រជាពលរដ្ឋបានមួយគ្រាផងដែរ។
ជាមួយគ្នានោះ លោកស្រី លំ គន្ធារី បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដោយត្រូវរស់នៅស្អាតប្រកបដោយអនាម័យជានិច្ច និងត្រូវបរិភោគអាហារដែលចម្អិនឱ្យបានឆ្អិនល្អ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងណែនាំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន កុំឱ្យមានអំពើហិង្សាក្នុងគ្រួសារ កុំលេងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងរួមគ្នាថែរក្សាសន្តិភាពនេះឱ្យបានគង់វង់។
លោកស្រីប្រធានគណៈកម្មការសាខា ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់គ្នាកុំភ្លេចឱ្យសោះ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់អំពីរីករាលដាលនៃមេរោគកូវីដ១៩ កុំឱ្យមានឆ្លងនៅសហគមន៍របស់យើង ហើយជាពិសេសត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩ នេះ។
ក្នុងនោះផងដែរ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានចែកអំណោយជូនដល់លោកតា លោកយាយ ចាស់ជរាពិការភាព ស្រ្ដីក្រីក្រ ចំនួន ១១គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស សាប៊ូ ២ដុំ ច្រាសដុសចំនួន១ និងថវិកាចំនួនផងដែរ៕