(កំពង់ធំ)៖ បច្ចុប្បន្ននេះ ការធ្វើកសិកម្មមួយចំនួនប្រកបដោយសោភ័ណភាព បានក្លាយទៅជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ពលរដ្ឋខ្មែរ។ ជាក់ស្តែងចំការផ្លែល្មើស្រស់មួយកន្លែង នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កំពុងតែទាក់ទាញអារម្មណ៍ប្រជាពលរដ្ឋមកទិញទទួលទាន និងថតរូបលេងកម្សាន្តជាហូរហែ។
លោក វី រ៉ែន ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន លឹម ប៊ុណ្ណា ដែលជាក្រុមហ៊ុនវិនិយោគលើចម្ការនេះ បានឱ្យដឹងថា តំបន់នេះឱ្យឈ្មោះថា តំបន់រមណីយដ្ឋានកែងគោលស្ទោង ហើយតំបន់រមណីយដ្ឋាននេះ គឺជាបណ្ដុំអាជីវកម្មចម្រុះមានការ៉ាសសាំង ម៉ាត ហាងកាហ្វេ ភោជនីយដ្ឋាន ឃ្លាំងស្តុកស្រូវ លក់ចេញ និងចំការដែលមានផ្ទៃដី ១,៣៥០ហិកតា។
លោកបានបន្តថា ចំការចែកចេញជា ចំការល្មើ ចំការស្វាយចន្ទី ចំការស្វាយកែវរមៀត ចំការក្រូចពោធិ៍សាត់ និងដំណាំស្រូវ ហើយចំការល្មើដែលមានការទាក់ទាញចំណាប់អារម្មណ៍ជាងគេនេះស្ថិតនៅក្នុងចំការតាខ្នា មានផ្ទៃដី ៣៥ហិចតា និងបានចាប់ផ្តើមដាំតាំងពីឆ្នាំ២០១៧ ដោយសព្វថ្ងៃនេះកំពុងទទួលផលល្មើដែលមាន «ពូជបាហ៉ី» ជាប្រភេទហូបស្រស់ ពណ៌លឿងមានរសជាតិផ្អែមស្រួយ និងពណ៌ក្រហមមួយប្រភេទផ្សេងទៀតដែលបានដាំដុះលើផ្ទៃដីរួចហើយតែមិនទាន់បានផលទេ គឺពូជល្មើ «ខូណេស៊ី» ហូបស្រស់ដូចគ្នា។
បើតាមអ្នកគ្រប់គ្រងរូបនេះ សព្វថ្ងៃចំការល្មើ ទទួលបានផលដំបូងខ្ទង់ប្រមាណ ១០តាន ហើយក្រុមហ៊ុនកំពុងលក់ចេញបានប្រមាណជា ៦តោន នៅទីផ្សារបច្ចុប្បន្នដែលលក់នៅក្នុងចំការមួយគីឡូក្រាម ៤,៨០០០រៀល ដោយមិនទាន់នាំចេញ។ លោកបានបន្តទៀតថា ឆ្នាំក្រោយទិន្នន័យនឹងមានការកើនឡើង៣ដងក្នុងចន្លោះ ៣០តោន ហើយយើងនឹងធ្វើការពង្រីកឱ្យកាន់តែធំទូលាយជាងនេះទៀត គឺឆ្នាំទី១ បាន៣៥ហិកតា មានការពង្រីកបន្តបន្ទាប់រហូតដល់ ៨០ ទៅ ១០០ហិចតា ប្រសិនជាមានតម្រូវការទៅកាន់ទីផ្សារការឡើង។ ក្នុងមួយថ្ងៃលក់បានពី៣០០ គីឡូក្រាមទៅ ៧០០គីឡូក្រាម ហើយក្នុងមួយដើមបានផ្លែពី ១៥គីឡូក្រាម ទៅ២គីឡូក្រាម ទៅតាមប្រភេទដើមតូច ឬធំ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ហូបផ្លែល្មើ ដែលនាំចូលពីក្រៅប្រទេស សូមឱ្យងាកមកទទួលទានល្មើក្នុងស្រុក ដែលយើងអាចដាំបានពេលនេះ មានរសជាតិផ្អែមឆ្ងាញ់មិនមានប្រើថ្នាំគីមី ហើយរក្សារទុកបានយូរដោយសារយើងកាត់ពីដើមស្រស់ស្រស់ភ្លាមផ្អែមឆ្ងាញ់ហើយស្រួយ។ លោកសូមឱ្យពលរដ្ឋខ្មែរជួយគាំទ្រ និងលើកស្ទួយដល់កសិករ ក្នុងស្រុករបស់យើងឱ្យបន្តដាំ និងពង្រីកផ្ទៃដីប្រទេសថែមទៀត ដើម្បីនាំចេញទៅក្រៅប្រទេសក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។
រមណីយដ្ឋាន «កែងគោលស្ទោង» នេះ គឺទៅថ្ងៃអនាគតក្រុមហ៊ុននឹងធ្វើការបើករីសតដែលមានដាក់ម្ហូបអាហារបែបធម្មជាតិឲ្យប្រជាពលរដ្ឋសម្រាកនៅពេលចុងសប្តាហ៍ ដើម្បីទទួលទានដែលមានបន្លែធម្មជាតិពិតក្នុងការផ្គត់ផ្គង់ហើយក្នុងនោះក៏មានអាងចិញ្ចឹមត្រីសម្រាប់ឱ្យភ្ញៀវមកស្ទូចត្រីលម្ហែកាយ និងមានដំណាំហូបផ្លែផ្សេងទៀតក្នុងនោះដែរ ក៏យើងមានផ្ទះធ្វើបែបបុរាណ ដើម្បីទុកជាមរតកសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានឃើញដែលមានបណ្ដោយ ៥៥ម៉ែត្រ ទទឹង ៥២ម៉ែត្រ។
ផ្ទះបុរាណ គឺមានលក្ខណៈចម្រុះជាមួយនឹងឈើធ្វើពីឥដ្ឋតាមបែបលក្ខណៈកែច្នៃដែលមានសួនច្បារ និងដំណាំហូបផ្លែព័ទ្ធជុំវិញនិងមានម្លប់ឈើត្រជាក់ ហើយផ្ទះនេះអាចអញ្ជើញមកថតរូបលេងកម្សាន្តបានហើយនៅតំបន់នេះ កំពុងតែផ្ដល់ការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលជាបុគ្គលិកផ្ទាល់ប៉ុន្មានជាង ១០០នាក់ហើយ នឹងត្រូវការជ្រើសរើសកម្លាំងពលកម្មបន្ថែមទៀតប្រមាណ៣០០ ទៅ៤០០នាក់ ដែលនឹងបង្កើតជារីសត ភោជនីយដ្ឋានដែលធ្វើឱ្យប្រជាពលរដ្ឋអាចរកប្រាក់កម្រៃចិញ្ចឹមគ្រួសារ។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអាចមករកការងារធ្វើនៅទីនេះ បានព្រោះទីនេះត្រូវការកម្លាំងពលកម្មច្រើន ហើយដើម្បីកុំឱ្យពួកគាត់ធ្វើចំណាកស្រុកឆ្ងាយនាំឱ្យមានហានិភ័យ។
ជុំវិញការមកទស្សនាកំសាន្តនៅចំការល្មើនេះប្រជាពលរដ្ឋមានការសប្បាយចិត្តគាំទ្រនូវដំណាំបែបធម្មជាតិមិនប្រើប្រាស់ជីគីមី ដើម្បីចូលរួមជួយដល់សុខភាពរបស់យើងទាំងអស់គ្នា៕