(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំជាមួយតំណាងស្ថានបេសកកម្មការទូតបរទេសប្រចាំកម្ពុជា ស្តីពីវិធានការនានា ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅស្តីការក្រសួង ដើម្បីចែករំលែកបច្ចុប្បន្នភាពនៃស្ថាន ដើម្បីធានាជាពិសេសការដាក់ចេញនូវវិធានការនានារបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការការពារ ទប់ស្កាត់ការរាតត្បាតលើកទី២ ជំងឺកូវីដ១៩ ក៏ដូចជាស្នើសុំកិច្ចសហការរបស់បណ្តាប្រទេសជាមិត្តទាំងអស់ តាមរយៈស្ថានទូត និងស្ថានបេសកកម្មការទូតនៅកម្ពុជា និងដៃគូអភិវឌ្ឍទាំងអស់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីស្ថាប័នពាក់ព័ន្ធ រួមជាមួយ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតចំនួន១០ប្រទេស និងតំណាងស្ថានបេសកកម្មការទូតបរទេសចំនួន២១ប្រទេស ព្រមទាំងប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ៕