(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារនារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ ដើម្បីបន្តផ្សព្វផ្សាយពីការការពារជំងឺកូវីដ១៩ និងបានចែកអំណោយដល់គ្រួសារក្រីក្រចំនួន៨គ្រួសារ ព្រមទាំងផ្តល់រទេះរុញដល់ជនពិការ ដែលរស់នៅភូមិស្នួល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា និងមិនដែលបំភ្លេចបងប្អូនប្រជាពលរដ្ឋម្តងណាឡើយ។
លោអភិបាលស្រុក ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំ ត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានស្ថានភាពជីវភាព របស់ប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដោយមិនឱ្យអ្នកណាម្នាក់ស្លាប់ ដោយសារភាពអត់ឃ្លានឡើយ។
បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវយកទុកដាក់ចិត្តចំពោះជំងឺកូវីដ១៩ មិនត្រូវធ្វេសប្រហែសឡើយត្រូវតែធ្វើអនាម័យ ឱ្យបានជាប្រចាំដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលឱ្យបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំ របស់ក្រសួងសុខភិបាល ឱ្យបានជាប្រចាំ ។
ក្នុងឱកាសនោះផងដែរលោក ហាក់ ម៉ុងហួត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ រស់នៅមិនត្រូវមានការប្រមូលផ្ដុំគ្នាឡើយ ក្នុងនោះលោកក៏បានជំរុញឲ្យមាតាបិតា បង្រៀនកូននៅតាមផ្ទះ ជាពិសេសក្រសួងអប់រំ បានដាក់ចេញនូវការបង្រៀនតាម online ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
សូមបញ្ជាក់ផងដែរថា អំណោយដែលបានចែក ជូនដល់គ្រួសារទីទាល់ក្រទាំង៨គ្រួសារមានដូចជា៖ អង្ករ២០គីឡូក្រាម មី១កេះ ស្ករស ចានដែក និងថវិកាមួយចំនួនផងដែរ៕