(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (ប្រព័ន្ធអនឡាញ)។
ពិធីនេះបានរៀបចំធ្វើឡើង នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួម ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគមតំណាង វិស័យឯកជន និងក្រុមអ្នកសារព័ត៌មានជាច្រើនរូប។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ជាបង្គោលចរថ្មីមួយ នៃការកែទម្រង់មុត ស្រួចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ ភាពប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។
ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះតទៅ, ធុរជនអាចធ្វើការចុះបញ្ជីអាជីវកម្មថ្មីបាន តាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាកញ្ចប់ ដែលមានអាសយដ្ឋាន www.registrationservices.gov.kh ដូចជាការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើសេចក្តីប្រកាស ផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និង ត្រូវការពេលវេលាយ៉ាងយូរត្រឹម៨ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការចំណាយតិចជាងមុន រហូតជាងពាក់កណ្តាល ។
ទន្ទឹមនឹងនេះ វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះផងដែរ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងយន្តការថ្មីនេះ គឺជាប្រព័ន្ធទីមួយរបស់រាជរដ្ឋាភិបាល ដែលមានការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យ ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធក្នុងក្របខណ្ឌ ជាប្រព័ន្ធអេកូឡូហ្សី ហើយដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ជាលក្ខណៈអន្តរក្រសួង ដោយទិន្នន័យទាំងអស់ នឹងត្រូវបានបញ្ជូនចែករំលែកដោយស្វ័យប្រវត្តិ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការត្រួតពិនិត្យ និងផ្តល់កាអនុម័ត។
ដំណើការនៅក្នុងការចុះបញ្ជី, ការដាក់ឯកសារយោង ក៏ដូចជាការទទួលបានមកវិញ នូវវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម, វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ, បណ្ណប៉ាតង់ ក៏ដូចជាឯកសារផ្សេងទៀតទាំងអស់ នឹងត្រូវផ្តល់ និងទទួលបានជាទម្រង់ឌីជីថល ដែលនឹងត្រូវបានធ្វើឡើងទាំងស្រុងនៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន ហើយមិនមានការប្រើប្រាស់ជាឯកសាររូបី ក្នុងទម្រង់រឹងទៀតទេ។
តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ, នីតិវិធីស្មុគស្មាញ, ការផ្តល់ព័ត៌មានច្រើនដង និងច្រំដែល, ពេលវេលា និងការចំណាយ ដែលកើតមាននៅតាមបណ្តា ដំណាក់កាល នៃការចុះបញ្ជីអាជីវកម្ម នៅក្នុងក្របខណ្ឌយន្តការចាស់ ត្រូវបានកាត់បន្ថយជាអតិបរមា។
លើសពីនេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយទៀតផងដែរ ដល់ធុរ-ជនដែលកំពុងស្វែងរកឯកសារគតិយុត្ត កំណត់អត្តសញ្ញាណ អាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួលបានឥណទាន ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយដល់វិស័យឯកជន ដែលទទួលរងផល ប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។
ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ចីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នាពេលនេះ គ្រាន់តែជាដំណាក់កាលទី១ ដែលផ្តោតជាសំខាន់លើការ ចុះបញ្ជីអាជីវកម្មថ្មីតែប៉ុណ្ណោះ ។ នៅក្នុងដំណាក់កាលបន្ទាប់, រាជរដ្ឋាភិបាលនឹងបន្តពង្រីកវិសាលភាពនៃប្រព័ន្ធនេះ ឈានទៅគ្របដណ្តប់ដល់ គ្រប់ក្រសួង-ស្ថាប័នផ្សេងទៀត ដើម្បីរៀបចំការផ្តល់អាជ្ញាបណ្ណនានា តាមថ្នាលបច្ចេកវិទ្យាព័ត៌មានថែមទៀត។
លទ្ធផលនៃការកសាងប្រព័ន្ធនេះ បានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា, ក៏ដូចជាពិភព-លោកទាំងមូល, កំពុងតែបន្តទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល, ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ, ចក្ខុវិស័យវែងឆ្ងាយ និង ភាពប្រាកនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, មិនបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួនទេ។
ផ្ទុយទៅវិញ, រាជរដ្ឋាភិបាលបានចាត់ទុកកាលៈទេសៈនៃវិបត្តិនេះ គឺជាកាលានុវត្តភាពសម្រាប់ជំរុញ កិច្ចការកែទម្រង់មុតស្រួច ឲ្យកាន់តែសកម្មឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងវិបត្តិផង និងសំលៀងសម្រួចភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ សំដៅជំរុញធ្វើពិពិធកម្មមូលដ្ឋាននៃកំណើន និងគាំទ្រដល់កំណើនប្រកប ដោយចីរភាពសម្រាប់រយៈពេលវែងផង។
ថ្លែងក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បន្តតាមដាន ធានាការអនុវត្តឲ្យបានរលូន និង វាយតម្លៃប្រសិទ្ធភាពនៃ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានេះ, ហើយក្នុងករណីចាំបាច់ ត្រូវបន្តកែសម្រួលប្រព័ន្ធនេះ ឱ្យបានកាន់ តែប្រសើរឡើងថែមទៀត។
ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើឲ្យគ្រប់តួអង្គពាក់ព័ន្ធ បន្តលើកកម្ពស់ទស្សនៈ និងស្មារតីនៃការចូលរួមនៅ ក្នុងកិច្ចការកែទម្រង់របស់ រាជរដ្ឋាភិបាល ឲ្យកាន់តែខ្ពស់ឡើងថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ជាតិកម្ពុជាទាំងមូល។ បន្ថែមលើនេះទៀត លោកក៏សូមលើកទឹកចិត្តឲ្យគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់ ចូលរួមផ្សព្វផ្សាយដល់ ធុរជន និងមហាជនទូទៅ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះ ឲ្យបានទូលំទូលាយ៕