(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃចំនួន ៩អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ខួប ៨៤ យាងចូល ៨៥ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។
ព្រះរាជពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងយាយជី តាជីជាច្រើននាក់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ដែលមានខ្លឹមសារទាំងស្រុងថា៖
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាគណៈកិត្តិយសសាខាគណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រតិបត្តិសាខា ទីប្រឹក្សាយុវជនអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា ទូទាំងខេត្ដស្វាយរៀង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ច លំឱនកាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងក្រាបបង្គំទូលថ្វាយនូវអំណរសាទររីករាយក្រៃលែង ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះសម្តេច ព្រះមហាក្សត្រី នរោត្ដមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ដឫក្សអធិកអធម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា។
ស្ថិតក្នុងបរិយាកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាទាំងមួយម៉ឺនលោកធាតុ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី បារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ និងតេជៈបារមី ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូមព្រះមេត្ដាជួយប្រោះព្រំ គាំពារថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ដ្រខ្មែរជាកូន ជាចៅ របស់ព្រះអង្គបានជ្រកកោន រស់នៅប្រកបដោយសុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿងថ្កុំថ្កើងជានិច្ចនិរន្ដរ៍ដរាបតរៀងទៅ។
បន្ទាប់មក លោកស្រី ម៉ែន សំអន ព្រមទាំងលោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា មន្ត្រី ក្រុមប្រតិបត្តិសាខា បាននិមន្តព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្តចំនួន ៩អង្គ ចម្រើនព្រះបរិត្តថ្វាយព្រះពរជ័យ រួចរាប់បាត្រជាកិច្ចបញ្ចប់កម្មវិធីបុណ្យ៕