(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគក្នុងការដាំដុះស្វាយចន្ទីមួយ បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិចារណាក្នុងការបង្កើន នូវមជ្ឈមណ្ឌលស្រាវជ្រាវដំណាំស្វាយចន្ទី ដើម្បីធ្វើការស្រាវជ្រាវទាក់ទងជំងឺ ផលិតកម្ម គុណភាពដី សត្វល្អិត ជី និងថ្នាំ ក្នុងទិសដៅដើម្បីជួយឱ្យផលិតកម្មដំណាំនេះ ទទួលបានផលល្អប្រកបដោយនិរន្តរភាព។
ការស្នើនេះធ្វើឡើង ក្នុងឱកាសលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌី ដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ឧកញ៉ា សៀក ពិសិទ្ធ នាយកក្រុមហ៊ុននេះបានឲ្យដឹងថា ក្រុមមហ៊ុនបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលនៅឆ្នាំ២០០៦ ដើម្បីធ្វើការវិនិយោគលើដី សម្បទានសេដ្ឋកិច្ចចំនួនជាង៤ពាន់ហិកតា ដែលបានចុះបញ្ជីដីរដ្ឋរួចហើយ ស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកបន្តថា ក្រុមហ៊ុនបានចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៧ លើផ្ទៃដី ១ ២៣២ហិកតា សម្រាប់ធ្វើការវិនិយោគដាំដំណាំស្វាយចន្ទី។ បច្ចុប្បន្នសម្រេចដាំបាន ១,០៣០ហិកតា កសាងផ្លូវបាន៤៨គីឡូម៉ែត្រ ប្រើកំលាំងពលកម្ម៤៦នាក់ (អចិន្រ្តៃយ៍) និងជាង១ពាន់នាក់ទៀតកម្មករក្រៅម៉ោង។ ជាមធ្យមទិន្នផលទទួលបានជាង ៥០០kg/ហិកតា ហើយក្នុងឆ្នាំកន្លងមកទទួលផលបានជាង ២៥០តោន។
លោកបន្ថែមថា ចំពោះបញ្ហាប្រឈម គឺទី១៖ ខ្វះអ្នកជំនាញដំណាំស្វាយចន្ទី និងទី២៖ ជាប្រភេទដំណាំមានជំងឺឆ្លង ផ្សិតចង្រៃ និងសត្វល្អិតបំផ្លាញច្រើន និងទី៣៖ ងាយទទួលរងនូវផលប៉ះពាល់ (សត្វល្អិតកើតច្រើន និងទិន្នផលធ្លាក់ចុះ) ពីការប្រែប្រួលអាកាសធាតុ។
នាយកក្រុមហ៊ុនរូបនេះ បានលើកសំណើជូនលោករដ្ឋមន្ត្រីថា «គួរបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដំណាំស្វាយចន្ទីនាពេលអនាគត ដើម្បីធ្វើការស្រាវជ្រាវទាក់ទងជំងឺ ផលិតកម្ម គុណភាពដី សត្វល្អិត ជី និងថ្នាំ ក្នុងទិសដៅដើម្បីជួយឱ្យផលិតកម្មដំណាំនេះ ទទួលបានផលល្អប្រកបដោយនិរន្តរភាព ហើយក្រុមហ៊ុននឹងរង់ចាំ ជួយសហការលើការងារស្រាវជ្រាវនេះ»។
លោករដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនដែលបានខិតខំ យកចិត្តទុកដាក់ និងធ្វើការលះបង់គ្រប់បែបយ៉ាង ធ្វើការវិនិយោគលើដំណាំស្វាយចន្ទី។ សម្រាប់អនាគត លោករដ្ឋមន្ត្រីបានផ្តល់យោបល់ឱ្យក្រុមហ៊ុន គួរពង្រីកផ្ទៃដីដាំដុះតាមផែនការ ដែលបានគ្រោងទុក និងជាពិសេសគួរបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី អាចទទួលបានតម្លៃបន្ថែមខ្ពស់ ប្រសើរជាងលក់វត្ថុធាតុដើម ដែលតម្លៃមានការប្រែប្រួលទៅតាមទីផ្សារ។
លោករដ្ឋមន្ត្រីបន្តថា ប្រសិនបើក្រុមហ៊ុនអនុវត្តបានវា នឹងចូលរួមអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់ ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនាពេលអនាគត ចូលរួមបង្កើតការងារ និងស្រូបយកពលកម្មនៅមូលដ្ឋាននេះឱ្យអស់លទ្ធភាព។
លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសារ របស់កម្មករដែលបម្រើការឱ្យក្រុមហ៊ុនទាំងអ្នកធ្វើ ការពេញម៉ោង និងក្រៅម៉ោង ដើម្បីរក្សាភាពឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិតក្នុងកាលៈទេសៈ ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ចំពោះបុគ្គលិក កម្មករក៏ត្រូវខិតខំយក ចិត្តទុកដាក់ ឧស្សាហ៍ព្យាយាមបម្រើការងារឱ្យក្រុមហ៊ុនបានល្អ ប្រយោជន៍ដើម្បីរក្សានិរន្តរភាពការងារ និងប្រាក់ចំណូល ហើយក៏គួរសិក្សារៀនសូត្របន្ថែមអំពីបច្ចេកទេសដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ។
លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យក្រុមហ៊ុនត្រូវសហការ ឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ គោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីនេះ ឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម និងសេដ្ឋកិច្ច។
ចំពោះសំណើរបស់នាយកក្រុមហ៊ុន លោករដ្ឋមន្ត្រីអះអាងថា នឹងយកទៅពិនិត្យពិចារណាឱ្យបានល្អិតល្អន់ និងស្របពេលដែលក្រសួងក៏មានបំណងចង់បង្កើត មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនេះផងដែរ៕