(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងថា សម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ត្រូវបានលើកលែងនូវការតម្កល់ថវិកា, ឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ និងទទួលបានការព្យាបាលជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ។
ការថ្លែងបែបនេះ លោកស្រី យក់ សម្បតិ្ដ ក្នុងកិច្ចប្រជុំស្តីពីវិធានការការពារ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ មានការចូលរួមពីស្ថាប័នពាក់ព័ន្ធ រួមជាមួយ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតចំនួន១០ប្រទេស និងតំណាងស្ថានបេសកកម្មការទូតបរទេសចំនួន២១ប្រទេស ព្រមទាំងប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លោកស្រី យក់ សម្បតិ្ដ ថ្លែងបន្ដថា «ជាលទ្ធលផលនៃកិច្ចប្រជុំនៅថ្ងៃនេះ គឺបានសម្រេចថា សម្រាប់អ្នកការទូតបរទេសចូលមកម្ពុជា ត្រូវបានលើកលែងតម្កល់ថវិកា ឯកសារធានារ៉ាប់រងសុខភាព៥ម៉ឺនដុល្លារ និងព្យាបាលកូវីដ១៩ ដោយឥតគិតថ្លៃ។ លើសពីនោះ មិនយកគាត់ទៅសម្រាកនៅសណ្ឋាគារនោះទេ គឺអាចទៅចត្ដាឡីស័កនៅទូតរបស់ខ្លួន និងផ្ទះរបស់គាត់ក៏បាន តែដាច់ខាតត្រូវគោរព ទៅតាមវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយមិនត្រូវធ្វើដំណើរទៅកាន់ទីកន្លែងណានោះទេ ក្នុងអំឡុងធ្វើចត្ដាឡីស័ក រហូតដល់ថ្ងៃធ្វើតេស្ដម្ដងទៀត» ។
លោកស្រីថ្លែងបន្ដថា សម្រាប់អ្នកដំណើរធម្មតាជាជនបទរទេស គឺនៅតែអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាលដដែល ចូលមកត្រូវឆ្លងចត្ដាឡីស័ក និងតម្កល់ថវិកា ជាមួយឯកសារធានារ៉ាប់រងសុខភាព៥ម៉ឺនដុល្លារផងដែរ។
លោកស្រី យក់ សម្បត្ដិ បានបញ្ជាកថា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានដាក់ចេញនូវវិធានការនេះឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់មន្ដ្រីការទូតទាំងអស់ចូលមកកម្ពុជា៕