(កំពង់ឆ្នាំង)៖ មេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រឹងប្រែងជួយសម្របសម្រួលវិវាទរវាងលោកយាយ នង យ័ន្ត និងកូនបង្កើតនៅខេត្តកំពង់ឆ្នាំង រហូតទទួលបានជោគជ័យ។
ការចុះសម្របសម្រួលពីមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីអង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២០កន្លងទៅ បានចុះផ្សាយព័ត៌មានពាក់ព័ន្ធ ទៅនឹងរឿងរ៉ាវរបស់លោកយាយ នង យ័ន្ត អាយុ៧៦ឆ្នាំ មានទីលំនៅក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលលោកយាយបានអះអាងថា រូបគាត់ត្រូវបានកូនប្រុសបង្កើត បណ្ដេញចេញពីផ្ទះជាមួយនឹងកូនប្រុសពៅម្នាក់ទៀត ដែលមានសតិមិនគ្រប់។
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ មេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន២រូប បានធ្វើដំណើរទៅដល់លំនៅដ្ឋានរបស់លោកយាយ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិឃុំខាងលើដោយផ្ទាល់ និងបានសាកសួរព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅក្បែរខាង ជុំវិញហេតុការណ៍ ដែលបានកើតឡើងកន្លងមក យ៉ាងល្អិតល្អន់។
មេធាវីទាំងពីររូប ក៏បានរកគន្លឹះធ្វើការសម្របសម្រួល រវាងលោកយាយនឹងកូនៗបង្កើតទាំងពីរនាក់ ដើម្បីឲ្យត្រូវរ៉ូវគ្នាឡើងវិញ ប្រសិនបើកន្លងមកកូនៗ បានប្រើពាក្យសម្ដីមិនសមរម្យ ឬក៏ទង្វើមិនគួរគប្បីណាមួយ ដែលធ្វើឲ្យលោកយាយជាម្ដាយមានការអាក់អន់ស្រពន់ចិត្ត ដោយប្រការណានោះ សុំឱ្យអ្នកម្ដាយលើកលែងនូវទោសកំហុស ដែលកើតឡើងដោយអចេតនា ចំពោះម្ដាយកន្លងមក និងសូមឱ្យអ្នកម្ដាយអហោសកម្មដល់កូនៗ កុំឱ្យមានបាបកម្មអ្វីឡើយ។
ភាពជោគជ័យក្នុងការសម្របសម្រួល ដែលទទួលបានដំណោះស្រាយដ៏ល្អរបស់មេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោខាងលើនេះ បានធ្វើឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមស្តាប់ និងជួយធ្វើសាក្សីក្នុងការសម្របសម្រួល ដល់ក្រុមគ្រួសារលោកយាយរីករាយឥតឧបមា និងកោតសរសើរនូវភាពប៉ិនប្រសព្វ ក្នុងការបញ្ចុះបញ្ចូលលោកយាយ និងកូនៗ ពិសេសបានធ្វើឱ្យលោកយាយ ដែលតែងតែចិញ្ចឹមចិត្តមួរម៉ៅដល់កូនចៅកន្លងមក បានប្រែក្លាយទៅជារីករាយញញឹមញញេម។
ចាប់តាំងពីពេលនេះតទៅ កូនចៅទាំងអស់បានសន្យានៅចំពោះមុខអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិ ពិសេសនៅចំពោះមុខមេធាវីទាំងពីរនាក់ថា នឹងឈប់ធ្វើអ្វីឱ្យម្តាយខឹងសម្បា ហើយរត់ចោលកូនចៅ និងក្រុមគ្រួសារតទៅទៀតហើយ។ ដោយឡែក លោកយាយជាម្ដាយវិញ ក៏បានសន្យានៅចំពោះមុខប្រជាពលរដ្ឋ អាជ្ញាធរ និងមេធាវីទាំងពីររូបដែរថា ចាប់ពីថ្ងៃនេះទៅលោកយាយក៏ឈប់រត់ចោលកូនចៅ និងក្រុមគ្រួសារតទៅទៀតដែរ បើមានបញ្ហាអ្វីកើតឡើងនៅក្នុងគ្រួសារ ត្រូវចេះដោះស្រាយ និងចេះអត់ធ្មត់ឲ្យគ្នាទៅវិញទៅមក ដោយមិនយកកំហឹងទល់នឹងកំហល់ទៀតឡើយ។
លោក ចាន់ ឡេង ជំទប់ទីមួយ ឃុំជ្រៃបាក់ បានឲ្យដឹងថា តាងនាមលោកជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមទាំងក្រុមគ្រួសារ កូនចៅរបស់លោកយាយទាំងអស់ បានថ្លែងអំណរគុណដល់មេធាវីទាំងពីររូប ដែលបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋ ជាពិសេសមេធាវីទាំងពីររូប បានលះបង់នូវពេលវេលាដ៏មានតម្លៃ ដោយបានធ្វើដំណើរតាំងពីរាជធានីភ្នំពេញ រហូតមកដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ នៅឯខេត្តកំពង់ឆ្នាំងដោយផ្ទាល់ ថែមទាំងបានដោះស្រាយរឿងវិវាទខាងលើនេះ ប្រកបទៅដោយគុណធម៌ និងយុត្តិធម៌ដែលលោកយាយជាម្ដាយ និងកូនចៅ ព្រមទាំងក្រុមគ្រួសាររបស់លោកយាយ ទទួលយកដោយទឹកចិត្តរីករាយផងដែរ៕