(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្លឿនដោះស្រាយបញ្ហាជន់លិចដោយជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ត្រង់តំបន់មុខសាលាក្តីខ្មែរាក្រហម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ជៀសផលប៉ៈពាល់ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ លោកបានបញ្ជាក់ថា ក្រុមការងារជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងបញ្ចេញគ្រឿងចក្រជាច្រើនគ្រឿងទៅកាន់ទីតាំងនោះ ដើម្បីស្តារប្រឡាយឱ្យបានជ្រៅនៅអមសង្ខាងផ្លូវជាតិលេខ៤ ត្រង់តំបន់មុខសាលាក្តីខ្មែរក្រហម នៅក្នុងសប្តាហ៍នេះ ដើម្បីរំដោះការជនលិចដោយជំនន់ទឹកភ្លៀងឱ្យបានលឿន។
អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មូលហេតុដែលតំបន់នេះរងការជនលិចដោយសារតែការរងផ្ទៃទឹកហូរពីខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលខេត្តកណ្តាល ហើយបណ្តាប្រឡាយរងតូចៗមួយចំនួនទៀត បានគោករីងរាក់ និងការរំលោភចំណីប្រឡាយពីប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានអះអាងថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយការជនលិចនៅតំបន់នេះឱ្យបានលឿន ដែលសម្រួលការលំបាករបស់ប្រជាពលរដ្ឋ និងការរំខានការធ្វើដំណើរជាដើម។
ជាមួយគ្នានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងថា ជាមធ្យោបាយបន្ទាន់ដើម្បីដោះស្រាយបញ្ហាជនលិចនៅតំបន់នេះឱ្យមានប្រសិទ្ធភាព មន្ទីរបានកាយភក់ចេញពីបាតប្រឡាយអមសង្ខាងផ្លូវជាតិលេខ៤ ត្រង់មុខសាលាក្តីខ្មែរក្រហម មកដល់ផ្លូវរថភ្លើង បន្ទាប់មកទៀតមកផ្នែកខាងជើងស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើងឆ្ពោះទៅមហាវិថីឈ្នះឈ្នះ ចាក់ទៅបឹងតាមោក ទំនប់កបស្រូវ។ ចំណែកខាងត្បូងផ្លូវជាតិលេខ៤វិញ នឹងត្រូវស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើងឆ្ពោះទៅប្រឡាយតាហោ ចាក់ទៅស្ទឹងព្រែកត្នោត និងប្រឡាយមួយទៀត តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅបឹងជើងឯក។
លោកបានបញ្ជាក់ថា គម្រោងនេះនឹងជួយរំដោះទឹកហូរបានលឿនជាងមុន ដែលកាត់បន្ថយបានការជនលិច។
សូមបញ្ជាក់ថា រដ្ឋបាលនៅភ្នំពេញ កំពុងសិក្សាជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបង្កើតប្រព័ន្ធស្ទាក់ទឹកពីខេត្តកំពង់ស្ពឺអោយហូរចាក់ទៅស្ទឹងព្រែកត្នោតតែម្តង ដែលកាត់បន្ថយកុំឱ្យហូរចូលមករាជធានីភ្នំពេញ បង្កឱ្យមានការជនលិចដោយជំនន់ទឹកភ្លៀង៕