(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់ប្រទេសទាំង២៦ ដែលជាដៃគូសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គាំទ្រតួនាទីរបស់អង្គការសុខភាពពិភពលោក (WHO) ខណៈដែលវិស័យសុខាភិបាល កំពុងរងការវាយប្រហារយ៉ាងខ្លាំង អំឡុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ប្រមុខការទូតកម្ពុជាជំរុញបែបនេះ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះត្រូវបានផ្តួចផ្តើមឡើង ដោយសាធារណរដ្ឋប្រជាមានិតចិន និងបានដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន និងចូលរួមដោយរដ្ឋមន្រ្តីមកពី២៦ប្រទេស ជាដៃគូនៃកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានស្រង់សម្តីដើមរបស់លោក ប្រាក់ សុខុន យ៉ាងដូច្នេះថា៖ «ក្នុងបរិបទបច្ចុប្បន្ន ដែលពហុភាគីនិយមនៃវិស័យសុខាភិបាលកំពុងរងការវាយប្រហារ យើងគួរតែបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកយើង ក្នុងការគាំទ្រដល់តួនាទី របស់អង្គការសុខភាពពិភពលោក។ អង្គការសុខភាពពិភពលោក ត្រូវតែទទួលបាននូវមធ្យោបាយគ្រប់គ្រាន់ ដើម្បីអាចបំពេញបេសកកម្មជាធម្មតារបស់ខ្លួន បានកាន់តែប្រសើរឡើង»។
បន្ថែមលើនេះ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះ «វិថីសូត្រសុខភាព» ព្រមទាំងបានសង្កត់ធ្ងន់ លើចំណុចមួយចំនួន រួមមាន៖
*ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិទេ យើងមិនអាចឈ្នះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះទេ។ ការធ្វើនយោបាយណាមួយ ទៅលើការផ្ទុះឡើងនៃជំងឺរាតត្បាត ឬការលេងល្បែងស្តីបន្ទោសដាក់គ្នា គឺបានត្រឹមតែកាត់បន្ថយនូវកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំង នឹងជំងឺរាតត្បាតសកលនេះ តែប៉ុណ្ណោះ។
*យើងចាំបាច់ត្រូវផ្តោតលើការពង្រឹងសមត្ថភាពរួមរបស់ពួកយើង ដើម្បីដោះស្រាយវិបត្តិសុខភាពសាធារណៈនេះ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងជំនាញបច្ចេកទេស ការចែករំលែក ឧត្តម្មានុវត្តន៍ ហើយនឹងរិះរកការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា លើថ្នាំព្យាបាល និងវ៉ាក់សាំង។
*ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ កំពុងធូរស្រាលនៅតាមប្រទេសមួយចំនួននៅលើពិភពលោក វេលានេះជាពេលត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវមធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកន្លងផុត។
*ទីផ្សារដែលកំពុងរីកចម្រើននិងប្រទេសកំពុងអភិវឌ្ឍ មានសារៈសំខាន់ជាអ្នកផ្គត់ផ្គង់ផង និងជាទីផ្សារផង។ ការធានាបាននូវការតភ្ជាប់ដែលគ្មានរបាំងក្នុងចំណោមយើងទាំងអស់គ្នា នឹងជួយពង្រឹងសេដ្ឋកិច្ចរបស់យើង។
*ក្នុងនាមជាប្រទេសដែលមានជំនឿមុតមាំលើពហុភាគីនិយម និងជាតួអង្គសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ កម្ពុជាសូមអំពាវនាវឱ្យមានការចូលរួមកាន់តែស៉ីជម្រៅបន្ថែមទៀត ពីសំណាក់តួអង្គរដ្ឋ និងមិនមែនរដ្ឋទាំងអស់ នៅក្នុងបណ្តាកម្មវិធីទាំងឡាយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដែលបានបង្កើតឡើងជាពិសេស ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕