(ព្រៃវែង)៖ អង្គការមូលនិធិនៃក្តីសង្ឃឹម បានធ្វើពិធីប្រកាសផ្តល់អំណោយអាហារូបករណ៍ ដល់កុមារដែលមានជីវភាពខ្វះខាត ចំនួន៥៤នាក់ នៅក្នុងឃុំចំនួន៥ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក លឹម ឈាងឡេង អនុប្រធានរាជរដ្ឋាភិបាលចុះជួយឃុំដំរីពួន នៅឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
លោក ប៉ិច សុង បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ ក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីឲ្យមានលទ្ធភាពបន្តការសិក្សារៀនសូត្រ ដូចគ្រួសារដែលមានជីវភាពធូរធារនោះផងដែរ។
លោកអភិបាលស្រុក បានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុក ក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រនេះ។
លោកអភិបាលស្រុក ក៏បានផ្ញើដល់ក្មួយៗ ដែលមានជីវភាពខ្វះខាត ដោយទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សារៀនសូត្រ តាមរយៈការឧបត្ថម្ភរបស់អង្គការមូលនិធិនៃក្តីសង្ឃឹម ឲ្យយកចិត្តទុកដាក់និងខិតខំសិក្សារៀនសូត្រ អស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សារឿន និងសេពនូវគ្រឿងញៀននោះទេ។
លោកអភិបាលស្រុក បានធ្វើការណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជម្រុញនិងលើកទឹកចិត្តដើម្បីឲ្យគាត់បានទៅសាលាបន្តការសិក្សារៀនសូត្រឲ្យបានគ្រប់គ្នាៗ។
អណោយដែលជួយឧបត្ថម្ភគាំទ្រដល់កុមារ ដែលមានជីវភាពក្រីក្រខ្វះខាតនេះ មានសម្ភារសិក្សាមួយឈុតរយៈពេល ១ឆ្នាំ សម្រាប់កុមារម្នាក់។ ចំពោះកាផ្តល់សម្ភារសិក្សានេះ ក្នុងកុមារម្នាក់ គឺជួយរយៈពេល ៦ឆ្នាំ ដោយចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងផ្ដល់ជាអាហារមានអង្ករ គ្រឿងឧបភោគ បរិភោគ ចំនួន ២ខែម្ដងផងដែរ៕