(ព្រះសីហនុ)៖ ដោយមានការណែនាំពីលោក ខាន់ រ៉ាត់ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា កបប ខេត្តព្រះសីហនុ ដោយសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះ ផ្សព្វផ្សាយអំពី គុណភាពសុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សារឃ្លាំងលើផ្សារញូស្តា និងផ្សារទំនើប ក្នុងខេត្តព្រះសីហនុ។
ជាលទ្ធផល មន្ត្រីជំនាញ ពុំបានរកឃើញមានការដាក់តាំងលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទ ប្រើប្រាស់នោះទេ និងបានយកសំណាកគំរូ ផលិតផលម្ហូបអាហារដូចជា៖ ទឹកសុទ្ធចំនួន៤គំរូ, ភេសជ្ជៈមានហ្គាសចំនួន៤គំរូ, ភេសជ្ជៈប៉ូវកំលាំងចំនួន៤គំរូ និងទឹកផ្លែឈើចំនួន៤គំរូ សរុបចំនួន១៦គំរូ ផ្ញើមកមន្ទីពិសោធន៍ អគ្គនាយកដ្ឋាន តាមការណែនាំ។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពី «ការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវា» និងច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់» ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕