(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបបានលើកឡើងថា ដើម្បីស្តារនូវសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ នោះគឺត្រូវស្តារនូវវិស័យសំខាន់ៗចំនួន៣ រួមមានវិស័យទេសចរណ៍ក្នុងស្រុក វិស័យកសិកម្ម និងជំរុញវិស័យសហគ្រាសធុនតូច និងធម្យម (SMEs)។
ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ធ្វើឡើងក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូលពិភាក្សាពី ការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩ ដែលរៀបចំឡើងរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។
លោកបានថ្លែងយ៉ាងដូច្នេះថា «សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបាន គឺទី១៖ យើងត្រូវស្តារទេសចរណ៍ក្នុងស្រុក, ទី២៖ យើងត្រូវកែច្នៃកសិកម្មរបស់យើង ឲ្យទៅជាកសិកម្មគាំទ្រដល់វិស័យទេសចរណ៍ និងជាផលិតផលសិរីរាង្គ និងទី៣៖ កាត់បន្ថយថ្លៃដើមលើកការដឹកជញ្ជូន និងយកចិត្តទុកដាក់ ទៅលើឧស្សាហកម្មខ្នាតតូច (SMEs) ដែលជាឧស្សាហកម្មដ៏សំខាន់ ធ្វើយ៉ាងណាឲ្យអាចមានការឱកាសរួមគ្នានាំចេញទៅក្រៅប្រទេសបាន»។
លោក គី សេរីវឌ្ឍន៍បានលើកឡើងថា ដោយតែវិបត្តិកូវីដ១៩ ធ្វើឲ្យវិស័យទេសចរណ៍ពីក្រៅប្រទសមានការជាប់គាំង ដែលមិនអាចជួយស្រោចស្រង់វិស័យសេដ្ឋកិច្ចរបស់កម្ពុជាបានឡើង គឺត្រូវពឹងផ្អែកលើកាស្តារនូវវិស័យទេសចរណ៍ក្នុងស្រុក។
លោកបន្តថា «ទេសចរណ៍ក្នុងស្រុកប្រមាណជាង១១លាននាក់ គឺជាកូនសោគន្លឹះក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ បើមិនរុញទេសចរណ៍ក្នុងស្រុកទេ គឺសេដ្ឋកិច្ចត្រូវតែគាំង»។
ចំពោះវិស័យកសិកម្មវិញ លោក គី សេរីវឌ្ឍន៍ បានលើកឡើងថា កសិកម្មរបស់កម្ពុជាមានផ្ទៃដីតូច មិនអាចទៅប្រកួតប្រជែងជាមួយប្រទេសថៃ និងវៀតណាម បានឡើង ដូច្នេះកម្ពុជាត្រូវតែប្តូរយុទ្ធសាស្ត្រ ផលិតនូវផលិតផលសិរីរាង្គ ដែលមានតម្រូវការទីផ្សារខ្ពស់ខុសពីប្រទេសនានា ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍។ ដោយឡែកការរៀបចំចងក្រងជាសហគមន៍កសិកម្ម និងការពង្រឹងទីផ្សារកសិផល ក៏ជាកត្តាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ផងដែរ សម្រាប់វិស័យកសិកម្ម។
លោកបន្តថា ចំពោះវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលផ្តល់កម្លាំងពលកម្មប្រមាណជាង៧០ភាគរយ នៃវិស័យឧស្សាហកម្ម និងសិប្បកម្ម។ លោកថា ការខ្វះខាតក្នុងវិស័យ SMEs គឺខ្វះនូវបញ្ហាបច្ចេកទេស បច្ចេកវិទ្យា និងកម្លាំងពលកម្មជំនាញ ខណៈសីលធម៌ក្នុងការប្រកួតប្រជែងក៏សំខាន់ដែរ។ ទាំងអស់នេះទាមទារឲ្យមានការដោះស្រាយ។
សូមជម្រាបថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០នេះថា នឹងថយចុះ-១.៩ភាគរយ ប៉ុន្តែនឹងកើនឡើងវិញនៅឆ្នាំ២០២១ ក្នុងអត្រា៣.៥ភាគរយ៕