(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ណឹម សុវត្ថី អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានថ្លែងប្រាប់ដល់កងទាយទាហានសកម្មត្មាតពង ជាច្រើននាក់ថា ដោយសារមានការលះបង់ របស់សម្តេចតេជោ ហ៊ុន សែន ទើបកម្ពុជាមានភាពរីកចំរើនដូចសព្វថ្ងៃនេះ ហើយបើសិនជាមិនមានសម្តេចតេជោ មិនមាននយោបាយឈ្នះឈ្នះនោះទេ មិនដឹងថាកម្ពុជាមកដល់ពេលនេះនឹងទៅជាយ៉ាងណានោះទេ។

ឧត្តមសេនីយ៍ឯក ណឹម សុវត្ថី បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងនឹងគ្រោះថ្នាក់ចាកចេញពីប្រទេសកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅវិមានឈ្នះឈ្នះ ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មត្មាតពង និងមានកងទាយទាហានសកម្មត្មាតពង ប្រមាណជិត ១,០០០នាក់។

ឧត្តមសេនីយ៍ឯក ណឹម សុវត្ថី ក៏បានរៀបរាប់បញ្ជាក់ពីកាលះបង់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់កងទាយទាហានទាំងអស់ទៀតថា ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ត្រពាំងរកា ត្រពាំងខ្ព័រ និងអាងដាច់ ដែលមានដើមទ្រយឹងធំស្គឹមស្គៃនៅក្បែរនោះ។ នៅទល់មុខគឺជាស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម។

មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជាដោយបង្ហូរទឹកភ្នែកក្តុកក្តួលឥតឧបមា ហើយនិយាយក្នុងចិត្តថា «អាយុ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់សាលារៀន អាយុ២៥ឆ្នាំ បែកពីមាតុភូមិ ដោយសារពួកឃាតករ»។ វេលាម៉ោង ០២៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកទាំងអស់គ្នាក៏បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទានឡើយ។

ឧត្តមសេនីយ៍ឯក ណឹម សុវត្ថី បានរៀបរាប់ទៀតថា សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែនរបស់វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារ ការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាម ជឿ ហើយសុខចិត្តជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយកម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺវៀតណាមអាចចាប់បញ្ជូនមកឲ្យ ប៉ុល ពត វិញឬទេ? ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយាដែលមានផ្ទៃពោះ៥ខែ។

សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។ នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើម យកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ នៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ ដើម្បីរំលឹកនូវអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ចំណុចដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរទឹកភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។

ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសម្តេចតេជោ ហ៊ុន សែន បានបែរមុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូនក្នុងផ្ទៃ ដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬយ៉ាងណា។ ជាពិសេសនឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពីឪពុកម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះតែដើម្បីការសិក្សា លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាត ឆ្ងាយពីទឹកដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិនិងប្រជាជន៕