(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាននាំទៀន ព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកាមួយចំនួនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៦វត្ត ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពិធីប្រគេនទៀនវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្នុងវត្តស្វាយប្រហួត ឃុំអង្គតាសូរ ស្រុកស្វាយជ្រំ ដែលមានការចូលពីអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង ក្រុមការងារ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។
លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកស្រី ម៉ែន សំអនបានរំលឹកប្រជាពលរដ្ឋថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។
លោកស្រី ម៉ែន សំអន ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគផងដែរ។
លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោកស្រីបានបញ្ជាក់ថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់ អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ ការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណង ចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀងធ្លាក់ជោកជាំ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
លោកស្រី ម៉ែន សំអន ថ្លែងបន្តថា ពិធីបុណ្យនេះដែរក៏មានជួបជុំពទ្ធបរិស័ទ នមស្សការ ព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញ្ញាតិការទាំង ៧ សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ទន្ទឹមនឹងនេះដែរ លោកស្រី ម៉ែន សំអន ក៏បួងសួងបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃ គ្រប់ព្រះអង្គ និងឧទ្ទិសកុសល្យផលបុណ្យគោរពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ទៀនព្រះវស្សា ទេយ្យវត្ថុ និងថវិការរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងក្រុមការងារ បានប្រគេន១៦វត្ត នៃស្រុកស្វាយជ្រំ និងម៉ាស់២០០០០ម៉ាស់ សម្រាប់ព្រះសង្ឃ និងអាជ្ញាធរប្រើប្រាស់ដើម្បីបង្ការ និងទប់ស្កាត់ជំង្ងឺកូវីដ១៩៕