(ព្រៃវែង)៖ លោកគ្រូចៅអធិការវត្ត «ឧត្តមរតនៈរស្មី» ព្រះនាម អំ សំអាត ជន្មាយុ៧០វស្សា បានខ្យល់គរដួលសុគត នៅជិតបន្ទប់ទឹកក្នុងវត្ត។
ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៤៖០០នាទីទៀបភ្លឺ នៅវត្តឧត្តមរតនៈរស្មី ហៅវត្តត្រពាំងចាម ក្នុងភូមិត្រពាំងចាម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ក្រោយពីបានទទួលព័ត៌មាន លោកអធិការ បានចាត់តាំងកម្លាំងជំនាញនគរបាលស្រុក កម្លាំងប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ លោកគ្រូវិន័យធម៌ស្រុក លោកប្រធានមណ្ឌល សុខភាព លោកមេឃុំ ក្រុមប្រឹក្សា មេភូមិ អាចារ្យ គណកម្មការវត្ត ចូលរួមពិនិត្យសាកសព។
ផ្អែកតាមការពិនិត្យសាកសព, ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងផ្អែកតាមការបំភ្លឺសាក្សី សមត្ថកិច្ច សន្និដ្ឋានថា លោកគ្រូចៅអធិការវត្ត ពិតជាសុគត ដោយខ្យល់គរ ដោយមានជំងឺលើសឈាមប្រចាំកាយ។
ក្រោយពីធ្វើការពិនិត្យរួច បានប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕