(ភ្នំពេញ)៖ ក្រុមសង្គមស៉ីវិលដែលតាំងខ្លួនថា ជាអង្គការសិទ្ធិមនុស្សឯករាជក្នុងស្រុក ដែលគាំទ្ររាល់របាយការណ៍របស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) គឺជាក្រុមជ្រុលនិយម ដែលមាននិន្នាការប្រឆាំង ហើយទាញយករបាយការណ៍នោះទៅប្រើប្រាស់ក្នុងគោលដៅបម្រើផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។ នេះបើតាម លោក ជិន ម៉ាលីន អនុប្រធាន និងអ្នកជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក ជិន ម៉ាលីន បានពន្យល់ថា ជាទូទៅសម្រាប់យន្តការអន្តរជាតិ អ្នករាយការណ៍ពិសេស គឺជាអ្នកជំនាញមួយ ហើយគាត់ធ្វើការមិនតំណាងឲ្យស្ថាប័នណាមួយនោះទេ។ លោកថ្លែងថា លោកស្រី រ៉ូណា ស្មីត មិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ មិនទទួលប្រាក់ខែពីអង្គការសហប្រជាជាតិទេ គឺគាត់គ្រាន់តែទទួលអាណត្តិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយ។
លោកបន្តថា ការចេញរបាយការណ៍របស់ លោកស្រី រ៉ូណា ស្មីត គឺជាការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់ តាមបទពិសោធន៍គាត់ តាមការស្រាវជ្រាវរបស់គាត់។ ក្នុងការស្រាវជ្រាវ មានចំណុចខ្លះត្រូវ ចំណុចខ្លះមិនត្រូវ ចំណុចខ្លះវាឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ឯចំណុចខ្លះក៏មិនឆ្លើយតបនឹងស្ថានភាពជាក់ស្តែងដែរ។
លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គាត់មើលឃើញពីចំណុចវិជ្ជមានរបស់កម្ពុជាមួយចំនួន ហើយក្នុងនោះក៏ឃើញមានចំណុចអវិជ្ជមាន ហើយចំណុចអវិជ្ជមាននោះ មានកន្លែងខ្លះក៏មិនត្រឹមត្រូវពិតប្រាកដ ទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជាដែរ។ ក៏ប៉ុន្តែបញ្ហានៅត្រង់ថា មានក្រុមដែលឆ្លៀតឱកាស ជាសកម្មជន ជាក្រុមស៉ីវិល ដែលមាននិន្នាការប្រឆាំង តែងតែទាក់ទាញយកផលប្រយោជន៍ពីរបាយការណ៍របស់គាត់ទៅបំភ្លៃ ហើយធ្វើការរិះគន់ និងវាយប្រហារមកលើរដ្ឋាភិបាល។
«តាមពិតរបាយការណ៍របស់គាត់ មិនមែនតំណាងឲ្យស្ថាប័នណាមួយនោះទេ គឺជាបុគ្គលផ្ទាល់ខ្លួនរបស់គាត់ ក្នុងនាមជាបុគ្គលឯកជនមួយរូប ដែលគាត់យល់ឃើញអញ្ចឹង ហើយបើគាត់យល់ឃើញថា រដ្ឋាភិបាលគិតថាត្រឹមត្រូវយកទៅ បើគិតថាមិនត្រឹមត្រូវទេ មិនបាច់យកទេ ដែលនេះជាយន្តការអន្តរជាតិ។ ប៉ុន្តែក្រុមជ្រុលនិយម តែងតែយករបាយការណ៍គាត់ ទៅថា UN គេយល់ឃើញបែបនេះបែបនោះ។ តាមពិតជាការយល់ឃើញរបស់បុគ្គលឯកជនមួយរូប ដូចតែខ្ញុំដែរទេ»។
លោក ជិន ម៉ាលីន ក៏បានសម្តែងការហួសចិត្ត នៅពេលដែលវិទ្យុបម្រើបរទេស ដែលមាននិន្នាការប្រឆាំង តែងតែយកប្រភពពីសង្គមស៉ីវិល ទៅផ្សព្វផ្សាយមិនចេះចប់មិនចេះហើយ និងហាក់បីដូចជាឲ្យតម្លៃសង្គមស៉ីវិល លើសពីរាជរដ្ឋាភិបាលទៅទៀត៕