(កំពង់ស្ពឺ)៖ ជម្លោះដីធ្លីមួយកន្លែងទំហំជាង១ហិកតា ស្ថិតនៅនៅភូមិតាឡាក់ (ពីមុនភូមិត្រពាំងកន្សែង) ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានអូសបន្លាយអស់រយៈពេលជិត១០ឆ្នាំ រហូតប្តឹងទៅតាមផ្លូវតុលាការ តាំងពីសាលាដំបូងខេត្ត រហូតដល់តុលាការកំពូល។
តែយ៉ាងណាក៏ដោយ សម្រាប់អាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្រ្តីជំនាញពាក់ព័ន្ធនៅក្នុងខេត្ត នៅតែគាំទ្រភាគីម្ខាងដែលចាញ់ក្តីតាមផ្លូវតុលាការទាំង៣ថ្នាក់ ថានៅតែជាម្ចាស់ដីពិតប្រាកដ ដែលកំពុងកាន់ កាប់ដីជាក់ស្តែងទៀតផង ហើយភាគីដែលត្រូវបានតុលាការកាត់ឲ្យឈ្នះនោះ មិនមែនជាម្ចាស់ដីឡើយ។
រឿងរ៉ាវជម្លោះដីធ្លីកសិកម្មទំហំជាង១ហិកតាខាងលើនេះ បានកើតឡើងរវាងលោក ដួង ជឿន ជាមន្រ្តីសមត្ថកិច្ចម្នាក់នៅខេត្តកំពង់ស្ពឺ (ភាគីចាញ់ក្តីតាមផ្លូវតុលាការ តែកាន់កាប់ដីជាក់ស្តែង) និងលោក វង្ស ចាយ (ភាគីឈ្នះក្តីតាមផ្លូវតុលាការ តែមិនមែនកាន់កាប់ដីជាក់ស្តែង) ដែលជាអ្នករស់នៅរាជធានភ្នំពេញ។
លោក ដួង ជឿន បានជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ដោយរៀបរាប់ពីដំណើរឿងយ៉ាងដូច្នេះថា៖ ដំបូងឡើងដីមួយកន្លែងដែលកំពុងមានជម្លោះនេះ គឺមានម្ចាស់ដើមឈ្មោះ ចាប ធារី ហើយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ចាប ធារី បានយកដីនេះទៅបញ្ចាំទៅឲ្យលោក វង្ស ចាយ ចំនួន៥០០០ដុល្លារ ប៉ុន្តែពេលនោះលោក វង្ស ចាយ បែរជាធ្វើលិខិតលក់ផ្តាច់មួយទៅវិញ។ ស្របដែលលោក ចាប ធារី យកដីនេះទៅបញ្ចាំទៅឲ្យលោក វង្ស ចាយ ស្រាប់តែគាត់បានយកដីនេះទៅលក់ឲ្យបុគ្គលម្នាក់ទៀតគឺលោក អ៊ីវ បូរិន អតីតចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ និងប្រពន្ធ ហេង ធីតា នៅខែកុម្ភៈ ឆ្នាំ២០១៣។
ប៉ុន្តែក្រោយលក់ដីដីនេះហើយ លោក ចាប ធារី មិនបានយកលុយទាំងនេះទៅសងផ្តាច់ដល់លោក វង្ស ចាយ នោះទេ។ បន្ទាប់មកលោក អ៊ីវ បូរិន បានយកដីនេះទៅលក់ឲ្យលោក ពេជ្រ ខេង រស់នៅភូមិត្រពាំងប្រីយ៍ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។ បន្តមកទៀតលោក ពេជ្រ ខេង បានលក់ដីនេះបន្តមកឲ្យលោក ដួង ជឿន និងប្រពន្ធឈ្មោះ ហុង មួយឡាង រហូតមកដល់សព្វថ្ងៃ ដែលលោក ដួង ជឿន និងប្រពន្ធបានកាន់កាប់ដោយធ្វើផ្ទះ និងដាំដំណាំទៀតផង។
ស្រាប់តែនៅអំឡុងឆ្នាំដដែលនោះ លោក វង្ស ចាយ (អ្នកទទួលបញ្ចាំដីពីលោក ចាប ធារី) បានប្តឹងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ហើយត្រូវបានតុលាការកាត់ឲ្យលោកឈ្នះ និងអាចក្លាយជាកម្មសិទ្ធិដី មួយកន្លែងនេះ ប៉ុន្តែពេលនោះលោក ដួង ជឿន មិនអស់ចិត្តក៏បានប្តឹងទៅកាន់សាលាឧទ្ធរណ៍ ប៉ុន្តែត្រូវបានតុលាការឧទ្ធរណ៍ទុកការសម្រេចរបស់សាលាដំបូងខេត្តជាបានការដដែល។
ដោយមិនអស់ចិត្ត លោក ដួង ជឿន បានប្តឹងទៅកាន់តុលាការកំពូលទៀត ហើយក៏ត្រូវបានតុលាការជាន់ខ្ពស់មួយនេះ កាត់ឲ្យចាញ់ក្តីដដែលកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។ ក្រោយតុលាការ កំពូលកាត់ឲ្យឈ្នះក្តី, លោក វង្ស ចាយ ស្រាប់តែកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានចុះទៅកាត់សោរបង និងយកគ្រឿងចក្រទៅឈូសឆាយចង់យកដីនេះកាន់កាប់ជាក់ស្តែងតែម្តង ដោយមិនមានការចូលរួមពីមន្រ្តីតុលាការខេត្ត អាជ្ញាធរ និងមន្រ្តីជំនាញ ចុះទៅអនុវត្តតាមនីតីវិធីនោះទេ ដែលទង្វើនេះខុសច្បាប់ទាំងស្រុង។
ការចុះទៅកាត់សោ ឈូសឆាយ និងចង់កាន់កាប់ដីជាក់ស្តែងនេះ ដោយសារតែលោក វង្ស ចាយ បានជឿទៅលើលោក ម៉ាង ណាន ជាមន្ត្រីភូមិបាលស្រុកឧដុង្គ និងមានការឃុឃិតពីមន្ត្រីក្រឡាបញ្ជី ម្នាក់នាំគ្នារត់ការធ្វើលិខិត «ផ្ទុកផ្តាក់» ដែលមានន័យស្មើរនិងដីការក្សាការពារទៅភូតកុហកឲ្យលោក វង្ស ចាយ យកគ្រឿងចក្រមកឈូសដីដោយមិនជូនដំណឹងដល់អាជ្ញាធរ និងម្ចាស់គ្រប់គ្រងដី ដោយស្នើសុំអនុវត្តត្រឹមសាលដីកាត្រូវតាមទម្រង់ច្បាប់នេះ។
មូលហេតុដែលនាំឲ្យអាជ្ញាធរ និងមន្រ្តីជំនាញ មិនចុះទៅអនុវត្តតាមសាលដីការបស់តុលាការកំពូលនោះ ក៏ព្រោះតែអាជ្ញាធរ និងមន្រ្តីជំនាញ នៅតែអះអាងថា ដីមួយកន្លែងនេះគឺជាកម្មសិទ្ធិ របស់លោក ដួង ជឿន ដែលបានកាន់ជាក់ស្តែង និងបានទិញត្រឹមត្រូវប្រាកដមែន ហើយឈ្មោះ វង្ស ចាយ ត្រឹមតែបានដីនេះបញ្ចាំនោះទេ។ បើតាមលោក ដួង ជឿន លោកសុខចិត្តបង់លុយចំនួន ៥០០០ដុល្លារ ទៅឲ្យឈ្មោះ វង្ស ចាយ ថែមទៀត (ថ្លៃបញ្ចាំជាមួយ ចាប ធារី ដែលម្ចាស់ដីដើម) ប៉ុន្តែលោក វង្ស ចាយ មិនព្រមនោះទេ ដោយទាមទាររហូតដល់៥ម៉ឺនដុល្លារ (គិតទាំងថ្លៃការ) ប៉ុន្តែដីជាក់ស្តែងនិងបច្ចុប្បន្នមានតម្លៃត្រឹមតែប្រមាណ ៣ម៉ឺនដុល្លារប៉ុណ្ណោះ។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឬហៅថា ការវាស់វែងជាប្រព័ន្ធជូនពលរដ្ឋ ក្នុងនោះលោក ដួង ជឿន ក៏បានចុះបញ្ជីក្បាលដីនោះរួចរាល់ ដែលមានក្បាលដីលេខ២៩៦ ដោយមានការឯកភាពពីគ្រប់អាជ្ញាធរពាក់ព័ន្ធផងដែរ។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ លោក ទិត្យ យ៉ាន មេភូមិតាឡាក់ ដោយមានការឯកភាពពីលោកមេឃុំក្សេមក្សាន្តផងនោះ បានធ្វើលិខិតមួយជូនទៅប្រធានតុលាការកំពូលដោយបានបញ្ជាក់ថា ដីនេះជាកម្មសិទ្ធិរបស់ឈ្មោះ ហុង មួយឡាង (ប្រពន្ធរបស់លោក ដួង ជឿន) ដែលបានគ្រប់គ្រងធ្វើរបងប្រាស្រ័យផលជារៀងរាល់រដូវមិនដែលអាក់អានម្តងណាឡើយ។
ជាមួយគ្នានេះកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ចាប ធារី ដែលជាម្ចាស់ដីដើម ក៏បានធ្វើលិខិតមួយជូនមេភូមិថា លិខិតចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ នោះគ្រាន់តែជាលិខិតធានា បំណុលដែលជំពាក់ ៥០០០ដុល្លារពីលោក វង្ស ចាយ ប៉ុណ្ណោះ មិនមែនជាការលក់ដីនោះទេ។ យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោក វង្ស ចាយ បាននោះទេរហូតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ។
ចុងក្រោយលោក ដួង ជឿន បានឲ្យដឹងថា រឿងនេះលោកកំពុងប្រឹក្សាយោបល់ជាមួយមេធាវី ដើម្បីប្តឹងនីតិវិធីទៅតុលាការតាមច្បាប់ ក្នុងករណីបំផ្លាញទ្រព្យសម្បត្តិរបស់លោក៕