(ភ្នំពេញ)៖ ថ្លែងចេញពីភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាទីដែលក្រសួងការពារជាតិរៀបចំពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយ ដែលមន្រ្តីមួយចំនួនដែលក្រសួងបានអញ្ជើញហើយ បែរជាមិនបានមកចូលរួមពិធីដ៏មានសារសំខាន់នេះ។
សម្តេចពិជ័យសេនា បានថ្លែងយ៉ាងដូច្នេះថា៖ «សូមអធ្យាស្រ័យចំពោះអ្នកដែលមិនបានមក សោកស្តាយខ្លាំងណាស់ ព្រោះព្រឹត្តិការណ៍នេះវាមានសារសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា ដូច្នេះខ្ញុំសូមរំលឹកនៅទីនេះដែរថា យើងនឹងធ្វើជារៀងរាល់ឆ្នាំ ហើយឱ្យតម្លៃកាន់តែខ្ពស់កាន់តែត្រដែតត្រដឹមឡើងជាបន្តបន្ទាប់ ពេលណាដែលមាតុភូមិរបស់យើងមានការរីកចម្រើនកាន់តែធំទូលំទូលាយ ហើយភាពល្បីរន្ធឺដ៏ទូលំទូលាយរបស់យើង គឺយើងត្រូវតែនឹកដល់គុណប្បការៈ របស់មគ្គុទេសក៍ដែលជាអ្នករំដោះ និងកសាងប្រទេសជាតិរបស់យើងរហូតមកដល់ពេលនេះ»។
សម្តេចបានចាត់ទុកថា «ការចូលរួមអបអរមួយថ្ងៃ មិនប៉ះពាល់ដល់ធុរកិច្ច មិនប៉ះពាល់ដល់មុខតំណែងនាទី ហើយក៏មិនប៉ះពាល់ដល់កិច្ចការ ឬធ្វើឱ្យបាត់បង់នូវអ្វីដែលមានសារសំខាន់នោះទេ ដោយឡែកអ្នកមិនទទួលបានការអញ្ជើញជារឿងផ្សេង»។
សម្តេចក៏បានបញ្ជាក់ថា នៅខួបលើកទី៤៥ឆ្នាំ នៅឆ្នាំ២០២២ ខាងមុខនេះ នឹងក្រសួងនឹងអញ្ជើញឱ្យបានទូលំទូលាយ ទាំងសេដ្ឋី មន្រ្តី និងនរណាក៏ដោយ ដើម្បីបង្ហាញឱ្យឃើញអំពីគុណប្បការៈរបស់មេដឹកនាំរបស់កម្ពុជា។ សម្តេចបានកោតសរសើរអ្នករៀបចំ ដែលបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានទាំងអភិបាលខេត្តផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។
កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ ដើម្បីរំលឹកនូវអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ចំណុចដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរទឹកភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។
ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសម្តេចតេជោ ហ៊ុន សែន បានបែរមុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូនក្នុងផ្ទៃ ដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬយ៉ាងណា។ ជាពិសេសនឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពីឪពុកម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះតែដើម្បីការសិក្សា លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាត ឆ្ងាយពីទឹកដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។
ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី៤៣ឆ្នាំមុននោះ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន៕