(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្តល់អនុសាសន៍៥ចំណុច ដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចងក្រង និងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងដំណើរស្វែងរកការរំដោះជាតិចេញពីរបប ប៉ុល ពត ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាវីរបុរស និងជាស្ថាបនិក។
ការលើកឡើងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឡើងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ។
សម្តេចបានថ្លែងថា ពិតហើយថា តាំងពីថ្ងៃទី២០ មិថុនា ១៩៧៧ ពេលដែលសម្ដេច បានដឹកនាំក្រុម៤នាក់ ហើយជាបន្តបន្ទាប់ក៏នៅសល់ចំនួនតិចទៅៗ ប៉ុន្តែចេញពីប្រភពនោះភាពស្តុកស្តម្ភនៃជាតិកម្ពុជា យើងគឺជាគុណតម្លៃដែលមិនអាចបំភ្លេចបានជាប្រវត្តិសាស្ត្រ ដូច្នេះយើងត្រូវសិក្សារៀនសូត្របន្ថែម និងចងចាំលើកម្ពស់ ភាពកតញ្ញូនេះដោយការបំពេញភារកិច្ចតាមលម្អានពីការលះបង់ ការគិតគូរ ការចាត់ចែង និងការតស៊ូរបស់អ្នកជំនាន់ មុនៗបន្តមក ។
សម្តេចបានបន្តថា បច្ចុប្បន្ននេះ «ទោះបីក្រុមការងារបានស្រាវជ្រាវរកឃើញគំនរប្រវត្តិសាស្ត្រជាច្រើនមកហើយក្ដី ប៉ុន្តែការជ្រើសរើស ប្រវត្តិសាស្ត្រមួយជាក់ស្តែង នឹងធ្វើឱ្យយើងមាននិរន្តភាពក្នុងការថែរក្សាបាននូវតម្លៃ និងសេចក្ដីថ្លៃថ្នូរសម្រាប់ប្រជាជាតិ និងអ្នកជំនាន់ក្រោយ។ ឆ្លៀតក្នុងឱកាសនេះ ជំនួសមុខឱ្យសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាស្ថាបនិកឯក ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ដូចខាងក្រោម៖
ទី១៖ គ្រប់ក្រសួង ស្ថាប័ន មេបញ្ជាការគ្រប់កងឯកភាពក្នុងកងយុទ្ធពលខេមរភូមិន្ទ និងរដ្ឋបាលរាជធានី-ខេត្ត បន្ត យកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឱ្យបានទូលំទូលាយដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ប្រជាពលរដ្ឋបានយល់កាន់តែច្បាស់នូវប្រវត្តិសាស្ត្រជាតិ និងជាការសម្ដែងការដឹងគុណ ភាពកត្តញ្ញូចំពោះឥស្សរជនដែលបានលះបង់អាយុជីវិត ពេលវេលា សម្រាប់បម្រើជាតិ មាតុភូមិ និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការ អភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ ។ ជាមួយគ្នានេះ ត្រូវបន្តគាំទ្រ និងសហការឱ្យកាន់តែជិតស្និទ្ធថែម ទៀតជាមួយក្រុមការងារប្រវត្តិសាស្ត្រនៃ គណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ ដើម្បីឱ្យក្រុមការងារនេះមានលទ្ធភាព បំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន សម្រេចជោគជ័យតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល។
ទី២៖ ត្រូវបន្តសិក្សាស្រាវជ្រាវនូវចំណុចប្រវត្តិ ដែលតភ្ជាប់ទាំងឡាយពីឡុកនិញ និងឡុងយ៉ាវ ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ នៅលើទឹកដីវៀតណាម ដើម្បីពង្រីក ថែរក្សាឱ្យកាន់តែរឹងមាំបន្ថែម ទៀតជាតឹកតាង និងខិតខំព្យាយាម ឈ្វេងយល់ឱ្យបានច្បាស់លាស់ពិតប្រាកដនូវរឿងរ៉ាវទាំងនេះ ។
ទី៣៖ ត្រូវពង្រីកការសិក្សារៀនសូត្រ អប់រំចិត្តសាស្ត្រ អំពីប្រវត្តិសាស្ត្រ ដោយដកស្រង់បទពិសោធ ជាក់ស្តែងនៅ ទីនេះ សម្រាប់បង្កើតតំបន់ប្រវត្តិសាស្ត្រដទៃទៀតដូចបានបញ្ជាក់ខាងដើម ដែលសុទ្ធតែមានប្រវត្តិរឿងរ៉ាវរៀបចំកម្លាំង ប្រដាប់អាវុធដំបូងពីអង្គភាព១២៥ ដើម្បីរួមចំណែកក្នុងការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ដែលមានតួអង្គ និង អ្នកដឹកនាំរួមទាំងភាពជាក់លាក់ ដូចបានកំណត់ក្នុងការសរសេរប្រវត្តិសាស្ត្ររួចហើយ ។
ទី៤៖ ត្រូវខិតខំប្រឹងប្រែងថែរក្សា និងចូលរួមទិដ្ឋភាពដ៏មានសារៈសំខាន់ទាំងនេះឱ្យកាន់តែច្រើន ដើម្បីលើកកម្ពស់ និងចងក្រងសម្រាប់ផលិតទៅជាទស្សនវិជ្ជានៃការដឹកនាំមួយឬអាចនិយាយបានថាជាទស្សនវិជ្ជាតេជោសែន” និងបទ ពិសោធន៍នៃការដាក់ចេញគោលការណ៍ ឱ្យក្លាយទៅជាមូលដ្ឋានគ្រឹះដ៏ធំមួយ នៃប្រវត្តិសាស្ត្រជាតិសម្រាប់រៀនសូត្រ ដែល យើងមានតាំងពីសម័យកាលមុនៗមក ។
ទី៥៖ ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈវត្តមានប្រតិភូក្រសួងការពារប្រទេសវៀតណាមនាពេលនេះ ដែលដឹកនាំ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ជី វិញ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នឹងពាំនាំសំណូមពររបស់ខ្ញុំតាំង ពីលើកមុន ក៏ដូចជានាថ្ងៃនេះស្នើរដ្ឋាភិបាល កងទ័ព អាជ្ញាធរខេត្តវៀតណាម ជំរុញការអភិវឌ្ឍន៍ផ្លូវប្រវត្តិសាស្ត្រតភ្ជាប់ពី ផ្លូវប្រវត្តិសាស្ត្រកម្ពុជានៅចំណុចX-16 នេះ ចូលទៅក្នុងទីតាំងប្រវត្តិសាស្ត្រប្រទេសវៀតណាម ឱ្យកាន់តែមានភាពរីក ចម្រើនថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យប្រវត្តិសាស្ត្រនេះ សម្រាប់យុវជនជំនាន់ក្រោយប្រទេស ទាំងពីរកម្ពុជា-វៀតណាម សិក្សារៀនសូត្រនាពេលអនាគត»៕