(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះទៅជួយពិនិត្យផ្ទៀងផ្ទាត់បញ្ជីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅក្នុងឃុំរោងដំរី ស្រុកបាភ្នំ ខេត្ត ព្រៃវែង។
ការចុះទៅជួយពិនិត្យផ្ទៀងផ្ទាត់បញ្ជីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ពីសំណាក់លោក ព្រុំ សុខានាពេលនេះ ក៏មានការអមដំណើរដោយ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារឃុំទាំង៩ និងមន្ត្រី អាជ្ញាធរមូលដ្ឋានផងដែរ។
ក្រោយពីបានស្តាប់របាយការណ៍របស់ លោក ជឹម អាន មេឃុំរោងដំរីស្តីពីដំណើរការនៃការធ្វើបច្ចុប្បន្នភាព បញ្ជីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលមានចំនួនសរុប ៣៧ គ្រួសារ ក្នុងឃុំរួចមក លោកប្រធានក្រុមការងារ បានធ្វើការសំណេះសំណាល និងសាកសួរយោបល់អ្នកចូលរួមប្រជុំទាំងអស់ ៧៦ នាក់ ដែលបានមកជួប ប្រមូលផ្តុំតាមកន្លែងដាច់ដោយឡែកពីគ្នា នៅភូមិព្រៃភ្ងាម និងភូមិកន្ទ្រាន ហើយពួកគាត់គឺជាតំណាងឱ្យគ្រួសារ ទាំងអស់ក្នុងឃុំដែលកំពុងជួបការលំបាកខ្វះខាតជីវភាព បណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩។
ព័ត៌មានដែល បានផ្តល់មកពីតំណាងគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការបញ្ជាក់បន្ថែមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានជួយឱ្យក្រុមការងារមានមូលដ្ឋានក្នុងការជួយពិនិត្យផ្ទៀងផ្ទាត់ ដើម្បីចូលរួមចំណែកធ្វើឱ្យកាន់តែមានសុក្រឹត្យភាពនូវការកំណត់បញ្ជីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ព្រុំ សុខា ក៏បានរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូល ដ្ឋាន ឱ្យបន្តចូលរួមអនុវត្តដោយខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងឱ្យបាននូវការចម្លងមេរោគកូរ៉ូណា នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
ទន្ទឹមនោះ សមាជិកម្នាក់ៗ និងគ្រួសារនីមួយៗដោយមានការគាំទ្រពីក្រុមការងារទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពុះពារជំនះរាល់ការលំបាកខ្វះខាតសព្វបែបយ៉ាង ដែលជាផលប៉ះពាល់បង្កដោយវិបត្តិ កូវីដ ១៩ ដើម្បីចូលរួមចំណែកក្នុងការរក្សាស្ថិរភាព និងប្រក្រតីភាពនៃជីវភាពរស់នៅ ក្នុងសហគមន៍មូលដ្ឋាន៕