(កោះកុង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំសហការីចុះពិនិត្យ និងវាយតម្លៃជារួម លើការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យជលផល (វារីវប្បកម្ម និងការនេសាទសមុទ្រ) ដើម្បីឆ្លើយតបឱ្យបានត្រឹមត្រូវ និងច្បាស់លាស់តាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវការនេសាទសមុទ្រ ការការពារ និងអភិរក្ស និងការ ទប់ស្កាត់ការនេសាទខុសច្បាប់ ស្របតាមកម្មវិធីអភិវឌ្ឍវិស័យជលផល ប្រកបដោយចីរភាព និរន្តរភាព និងបរិយាប័ន៖ សមាសភាគការនេសាទ (CAPFISH - Capture) ដែលគម្រោងនេះស្ថិតក្រោមជំនួយឧបត្ថម្ភហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប។
លោករដ្ឋមន្ត្រី និងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យសកម្មភាពរៀបចំឧបករណ៍នេសាទ ការជញ្ជូនផលនេសាទឡើងគោក ការរៀបចំទុកដាក់បង្កកផលនេសាទ នៅកំពង់ផែ លី យ៉ុងផាត់ ប៉ាក់ខ្លង ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ពិនិត្យឃើញជាក់ស្តែង លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពដ៏មមាញឹករបស់កំពង់ផែរ និងជាពិសេសបងប្អូនប្រជានេសាទ ដែលសកម្មភាពទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់អំពី៖
ទី១៖ កម្មករទាំងស្រី និងប្រុសមានការងារធ្វើ មានចំណូលសម្រាប់ចិញ្ចឹមគ្រួសារ មិនធ្វើចំណាកស្រុក។
ទី២៖ ការអនុវត្តលក្ខខណ្ឌតម្រូវអនាម័យបានត្រឹមត្រូវ (មានទូបង្កកផលិតផលត្រី) វេចខ្ចប់ និងទុកដាក់បានត្រឹមត្រូវ៖
ទី៣៖ ជាកន្លែងប្រមូលផ្តុំផលនេសាទសមុទ្រ ងាយស្រួលសម្រាប់មន្រ្តីសមត្ថកិច្ចជលផលធ្វើការគ្រប់គ្រង ពិនិត្យ និងវាយតម្លៃលើផលនេសាទ និងធ្វើការផ្សព្វផ្សាយផ្សេងៗ។ ពិតណាស់ កត្តាសំខាន់ៗទាំងអស់នេះ បានឆ្លើយតបបានត្រឹមត្រូវទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យជលផលប្រកប ដោយចីរភាព និរន្តរភាព បរិយាប័ន និងធន់នឹងការប្រែប្រួលអាកាសធាតុ។
តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា គម្រោងកម្មវិធីសម្រាប់ការអភិវឌ្ឍវិស័យជលផល ប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន និងធន់ការប្រែប្រួលអាកាសធាតុ៖ សមាស ភាគការនេសាទ (CAPFISH-Capture) ដែលគម្រោងនេះស្ថិតក្រោមជំនួយឧបត្ថម្ភហិរញ្ញប្ប ទានឥតសំណងពីសហភាពអឺរ៉ុបនេះ មានទឹកប្រាក់ចំនួន៨៧លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងរយ:ពេល ៦០ខែ (២០១៩- ២០២៣) ដោយសហការអនុវត្តគម្រោងជាមួយអង្គការ FAO UNESCO និង UNIDO ហើយរដ្ឋបាលជលផលជាស្ថាប័នទទួលខុសត្រូវ។
គម្រោងនេះមានគោលបំណងចំបង គឺគាំទ្រលើឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលមានចេតនាចង់ធ្វើការអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័នតាមរយៈការ អនុវត្តផែនការសកម្មភាពសំខាន់ៗចំនួន០៣គឺ៖
ទី១៖ ការកែលម្អការដឹកនាំ ការគ្រប់គ្រងលើការអនុវត្តច្បាប់ និងបច្ចេកទេស ការគ្រប់គ្រង អភិរក្ស ត្រួតពិនិត្យ និងអង្កេតធនធានជលផលទាំងទឹកសាប និងសមុទ្រ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ស្តីពី «វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU» ។
ទី២៖ ធ្វើការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមតាមរយ:ការពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម-កែច្នៃ) ដែលរួមចំណែកបង្កើតការងារ និងបង្កើនចំណូលគ្រួសារ។
ទី៣៖ ធ្វើការជួយបង្កើនមុខរបរចិញ្ចឹមជីវិតក្រៅពីការនេសាទ ការគ្រប់គ្រងកាកសំណល់ និងបរិស្ថាន ការមានទឹកស្អាតប្រើប្រាស់ និង បង្កើននូវគុណភាពអប់រំ ចំណេះដឹងដល់កូនចៅអ្នកនេសាទដើម្បីកាត់បន្ថយគម្លាតសេដ្ឋកិច្ច និងសង្គម។
លោករដ្ឋមន្ត្រី បានបន្តអញ្ជើញមកពិនិត្យសកម្មភាពនេសាទ របស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ។
តាមផ្លូវមកកាន់សហគមន៍នេសាទ លោករដ្ឋមន្ត្រី និងសហការី បានអញ្ជើញចូលសួរសុខទុក្ខនាយទាហាន និងពលទាហាននៅបញ្ជាការកងការពារកោះលេខ ២ ដែលប្រចាំការលើកោះ។ ជួបសំណេះសំណាលជាមួយបងប្អូននាយទាហាន និងពលទាហាន លោកឧត្តមនាវាត្រី ជា ស៊ីធុនឡាយ មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ បានរាយការណ៍ដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្តវិសាលភាពកោះកុងក្រៅ តួនាទី និងភារកិច្ចរបស់បញ្ជាការ សន្តិសុខ សណ្តាប់ធ្នាប់ ជីវភាព សុខភាព និងធនធានធម្មជាតិ។ល។
លោករដ្ឋមន្ត្រី និងលោក លី យ៉ុងផាត់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជូនពរឱ្យនាយ ទាហាន និងពលទាហានដែលប្រចាំការលើកោះកុងក្រៅនេះ មានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ក្នុងការការពារសុខសន្តិភាព និងបូរណភាពដឹកដី។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង សមាជិកព្រឹទ្ធសភា អាជ្ញាធរដែនដី លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរយុទ្ធជន និងវីរយុទ្ធនារីដែលបានលះបង់កំលាំងកាយចិត្ត សេចក្តីសុខទុក្ខផ្ទាល់ខ្លួនដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមគោរព និងដឹងគុណចំពោះវីរភាពដ៏ថ្លៃថ្លានេះ។ ជាការលើកទឹកចិត្ត និងជួយសម្រាលបញ្ហាជីវភាពប្រចាំថ្ងៃ លោករដ្ឋមន្ត្រីបានឧបត្ថម្ភថវិកាចំនួន ៥លានរៀលផងដែរ។
លោករដ្ឋមន្ត្រីបានបន្តដំណើរតាមទូកម៉ាស៊ីន មកដល់សហគមន៍នេសាទព្រែកខ្សាច់ ដោយជួបសំណេះ សំណាលជាមួយលោក រៀម រុំ មេឃុំព្រែកខ្សាច់អំពីសកម្មភាពទូទៅទាក់ទងការអភិវឌ្ឍ ការដឹកនាំ ការគ្រប់គ្រងសហគមន៍ ការនេសាទ ទីផ្សារប្រមូលផលនេសាទ និងជាពិសេសចំណូលគ្រួសារ។
លោកមេឃុំ បានឱ្យដឹងថាជាមធ្យមក្នុង១ថ្ងៃសមាជិកសហគមន៍អាចរកចំណូលបានពី១០-២០លានរៀល ពីការនេសាទ។ ក្រៅពីការនេសាទ ពួកគាត់ទទួលបានការងារធ្វើពីក្រុមហ៊ុន SEZ ក្នុងចំការស្វាយ និងទុរេន ដោយឡែកស្វាមីបម្រើការនៅក្នុងគម្រោងអភិវឌ្ឍនេះផ្ទាល់ ជាអ្នកបើកបរ និងកម្មករកំពង់ផែ។ គម្រោងបានជួយកសាង សាលារៀន សាលាឃុំ ផ្លូវថ្នល់ ផ្ទះលោកគ្រូ-អ្នកគ្រូ ផ្ទះកម្មករ។ ក្រៅពីនេះ គម្រោងកំពុងកសាងកំពង់ផែទឹកជ្រៅសម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មសមុទ្រ។ តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា នៅក្នុងដែន នេសាទរបស់សហគមន៍មានតំបន់ផ្កាថ្មដ៏ល្អ ស្អាត និងសារាយសមុទ្រ និងជាតំបន់ជម្រកពង កូនត្រីកាម៉ុង។
លោករដ្ឋមន្ត្រីសូមចូលរួមអបអរសាទរ នូវរាល់សមិទ្ធផលដែលសហគមន៍សម្រេចបាន និងបានជំរុញ គាំទ្រសហគមន៍បន្តចូលរួមការពារ ថែរក្សា និងអភិរក្សធនធានសមុទ្រដែលជាប្រភពចំណូលយ៉ាងរឹងមាំ និងនិរន្តរភាពទាំងសេដ្ឋកិច្ច សង្គម និងទេសចរណ៍។ ចំពោះ រដ្ឋបាលជលផលចាត់វិធានការការពារតំបន់អភិរក្សផ្កាថ្ម និងសារាយសមុទ្រឱ្យបានគង់វង្ស៕