(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបររើសអេតចាយ នៅទីលានចាក់សំរាមដង្កោ ដែលបានប្រឹងប្រែងរើសអេតចាយ នៅទីលានចាក់សំរាម ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីបងប្អូនមានការលំបាកបន្តិចក៏ដោយ។
លោក ឃួង ស្រេង បន្តថា បងប្អូនអ្នករើសអេតចាយនៅទីលានចាក់សំរាម បានប្រកបការរកស៊ីដោយសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើស លួច ឆក់ ប្លន់ដែលជាបទល្មើសមួយខុសច្បាប់ឡើយ។ នេះពិតជាបានបង្ហាញឲ្យឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គមដ៏ត្រឹមត្រូវមួយ។
ការសម្តែងការកោតសរសើរ និងជំរុញខាងលើនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈដែលលោក និងលោកស្រី ជា ស៊ីណា ឃួង ស្រេង អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នករើសសំរាម (អេតចាយ) ចំនួន៣៩៤គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ស្ថេរភាពនៅក្នុងសង្គម គឺផ្ដើមឡើងពីប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួម បើប្រជាពលរដ្ឋមិនបានចូលរួម ក្នុងការរក្សាស្ថេរភាពសង្គមទេ សង្គមរបស់យើង ក៏មិនមានស្ថេរភាពល្អបានដែរ។
លោក ឃួង ស្រេង ក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរ រើសអេតចាយនៅទីលានចាក់សំរាមដង្កោទាំងអស់ ក្រោយបញ្ចប់ជំងឺ Covid-19 បងប្អូនត្រូវជំរុញកូនចៅ ឲ្យទៅសិក្សារៀនសូត្រនៅតាមសាលានានា ដោយហេតុថា កូនចៅរបស់បងប្អូននេះហើយ ជាទំពាំងស្នងឬស្សី សម្រាប់សង្គមជាតិរបស់យើង ដូច្នេះត្រូវតែជំរុញការបណ្ដុះបណ្ដាលពួកគាត់ ឲ្យមានចំណេះដឹងឲ្យបានខ្ពង់ខ្ពស់។
គួរបញ្ជាក់ថា អំណោយដែលបានប្រគល់ជូននេះ រួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេសតូច ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខកំប៉ុង០១ដុំ ម៉ាស់០១ដុំ ទឹកដោះគោកញ្ចប់១៨កញ្ចប់ និងថវិកាចំនួន៣០,០០០រៀល ក្នុងមួយគ្រួសារ ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយ ក្នុងជីវភាពគ្រួសារបានមួយចំណែក៕