(កំពង់ឆ្នាំង)៖ ប្រជាកសិកររស់នៅក្នុងភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងភាគច្រើន កំពុងប្រកបមុខរបរតម្បាញ ឧបករណ៍ប្រើប្រាស់ធ្វើអំពីដើមរពាក់ ដែលពួកគាត់ បានចេះតៗគ្នា ពីដូនតាមក ដើម្បីលក់ដូរផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ដែលមុខរបរទាំងនេះបានកែប្រែជីវភាពគ្រួសារពួកគាត់ឲ្យមានភាពធូរធារមួយកម្រិតផងដែរ។
ស្រី្តឈ្មោះ សាត រ៉ាន់ អាយុ៣៧ឆ្នាំ ជាកសិករត្បាញឧបករណ៍ប្រើប្រាស់ធ្វើអំពីដើមរពាក់ មានទីលំនៅក្នុងភូមិឃុំខាងលើ បានរៀបរាប់ប្រាប់បុគ្គលិកព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា គាត់ចេះត្បាញរបស់ប្រើប្រាស់ធ្វើអំពីដើមរពាក់នេះជាច្រើនឆ្នាំមកហើយ ដោយសព្វថ្ងៃនេះ គាត់បានត្បាញឧបករណ៍ជើងឆ្នាំងតែមួយមុខប៉ុណ្ណោះទេ។
ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងភូមិរបស់គាត់ គឺពួកគេចេះត្បាញឧបករណ៍ប្រើប្រាស់ខុសៗគ្នា ជាច្រើនប្រភេទមានដូចជា ជើងឆ្នាំងថាសហាលត្រី កញ្ឆេរ កញ្ច្រែង កន្ត្រកដាក់ផ្កា ដាក់ផ្លែឈើសំរាប់ហែរជំនូនរៀបការ កន្ត្រកត្រម៉ោង កន្ត្រកថាសតូចធំ រាវចាន សំបុកមាន់។ល។ និងក៏អាចត្បាញរបស់ផ្សេងៗទៀត ទៅតាមការចង់បាន របស់អតិថិជនដែលកុម្ម៉ង់ឱ្យធ្វើផងដែរ។
ស្រី្តរូបនេះបានឲ្យដឹងទៀតថា ចំណែកជើងឆ្នាំងដែលគាត់ត្បាញសព្វថ្ងៃនេះ គឺគាត់អាចត្បាញបានក្នុងមួយថ្ងៃ បានពី១៥ ទៅ២០ និងលក់ចេញឱ្យឈ្មួញកណ្ដាលមួយតម្លៃ១០០០រៀល គឺឈ្មួញកណ្ដាលគេកក់លុយមុន មានប៉ុន្មានគេប្រមូលទិញទាំងអស់ ដោយមិនពិបាកយកទៅលក់ខ្លួនឯងនោះទេ។
គាត់បានឲ្យដឹងទៀតថា ដំបូងឡើយគឺគាត់បានចេះត្បាញតៗគ្នាពីចាស់ៗក្នុងភូមិដែលមានជាច្រើនគ្រួសារ បានប្រកបមុខរបរនេះ និងក្រោយមកក៏ចេះឆ្នៃប្រឌិតត្បាញរបស់ផ្សេងៗទៀត តាមគំរូដែលចង់បាន ដើម្បីលក់ជូនភ្ញៀវទៅតាមតម្រូវការរបស់អតិថិជន។
ដោយឡែករបស់ប្រើប្រាស់ភាគច្រើនត្រូវបានគេទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តនិងទីក្រុងមួយចំនួន ហើយក៏មានអនិកជនខ្មែរ នៅបរទេសមួយចំនួន មកកុំម៉ង់អោយធ្វើរបស់ប្រើប្រាស់ផ្សេងៗតាមតម្រូវការរបស់គេចង់បានផងដែរ។
ចំណែកផលិតផលដែលពួកគាត់ក្នុងភូមិត្បាញសព្វថ្ងៃ មានតម្លៃខុសៗគ្នាទៅតាមឧបករណ៍ទាំងនោះដូចជា ជើងឆ្នាំង១ តម្លៃ១០០០ រៀល កញ្ឆេ១ តម្លៃ៥០០០៛ កន្ត្រកពុម្ភ១តម្លៃ ៦០០០រៀល កន្ត្រកប្រភេទពុម្ភប៊ិច១ តម្លៃ ១៥០០រៀល កន្ត្រកត្រមោង១ តម្លៃ៣០០០ រៀល កន្ត្រកថាស១ តម្លៃ៣៥០០រៀល រាវចាន១ តម្លៃ៣០០០រៀល តម្លៃទាំងនេះគឺលក់ឱ្យឈ្មួញ កណ្ដាលដែលមកទិញដល់ផ្ទះ។
ដោយឡែកគ្រួសារមួយ មានពីរនាក់ប្ដីប្រពន្ធដែលត្បាញជើងឆ្នាំង អំពីដើមរំពាក់លក់ដូចគ្នាដែរនោះ បាននិយាយអោយដឹងថា ក្នុង១ថ្ងៃៗ ពួកគាត់ពីរនាក់ប្ដីប្រពន្ធ បើខំប្រឹងអាចត្បាញជើងឆ្នាំងបាន ពី៤៥ទៅ៥០ ដែលអាចលក់បោះដុំបានតម្លៃ៥០០០០រៀល ហើយពួកគាត់ទាំងពីរនាក់ក៏ទើបតែនិងចេះត្បាញឧបករណ៍ប្រភេទនេះ តែមួយមុខប៉ុណ្ណោះទេ ដោយសារតែពួកគាត់ពីរនាក់ប្ដីប្រពន្ធ ទើបតែមករស់នៅក្នុងភូមិនេះបានរយៈពេលតែមួយឆ្នាំ។
ពួកគាត់ក៏បានឲ្យដឹងដែរថា ចំណែកដើមរពាក់គឺត្រូវនាំគ្នាជិះគោយន្តទៅបោចក្នុងព្រៃសហគមន៍ នៅក្នុងខេត្តកំពង់ធំ ដោយទៅនិងមក ក្នុង១ជើងៗមានរយៈពេលពី១០ថ្ងៃទៅ ១២ថ្ងៃ ដោយត្រូវជួលគោយន្តគេ ជិះទៅក្នុងម្នាក់ៗតម្លៃ ៦ ម៉ឺនរៀលទៅមក ពេលទៅដល់ព្រៃដើមរពាក់នៅឯខេត្តកំពង់ធំនោះ ត្រូវបង់ប្រាក់ជូនសហគមន៍គេក្នុងម្នាក់ៗពីរ១៥០០០ រៀល ទៅ២០០០០រៀល ទើបគេអុញ្ញាតអោយចូលបោចរំពាក់នៅក្នុងសហគមន៍របស់គេបាន ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច គាត់ត្រូវការត្រួតពិនិត្យ អ្នកដែលចូលទៅបោចដើមរពាក់នៅក្នុងព្រៃសហគមន៍របស់គេផងដែរ ដោយមានការកត់ឈ្មោះ និងលេខអត្តសញ្ញាណប័ណ្ណរបស់យើង។ ដើម្បីងាយ ស្រួលក្នុងការគ្រប់គ្រង ការពារ ប្រជាពលរដ្ឋដែលចូលទៅក្នុងព្រៃសហគមន៍ ខ្លាចមានការវង្វេង ឬក៏គ្រោះថ្នាក់ដោយប្រការណាមួយ។
ចំពោះការធ្វើដំណើរទៅបោចដើមរពាក់នេះគាត់ត្រូវចំណាយប្រាក់ក្នុងមួយជើងពី២០ម៉ឺន ទៅ៣០ម៉ឺនរៀល នឹងចំណាយពេលវេលាពីរមួយសប្តាហ៍ទៅ១០ថ្ងៃ ហើយដើមរពាក់ដែលបានយកមកត្បាញ ឧបករណ៍ទាំងនេះ ចំពោះឧបករណ៍ជើងឆ្នាំងដូចពួកគាត់ដែលកំពុងត្បាញនេះ គឺបានពី៦០០ ទៅ ៧០០ ជើងឆ្នាំង ដោយប្រើរយៈពេលពីមួយខែទៅមួយខែកន្លះ ទើបអស់ដើមរពាក់ ហើយនឹងត្រូវធ្វើដំណើរ ទៅកាប់សាជាថ្មីទៀតទូទាត់ថ្លៃចំណាយ និងកម្លាំងពលកម្មបូកផ្សំទាំងពេលវេលា ក្នុងមួយជើងៗ គឺគាត់អាចសល់បានពី៣០ ទៅ៤០ម៉ឺនរៀលផងដែរ។
ប្រជាកសិករ ជាអ្នកត្បាញរំពាក់ធ្វើរបស់ប្រើប្រាស់ ដែលជាប្រពៃណីនិងវប្បធម៌ពីដូនតា សូមអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋខ្មែរ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស សូមមេត្តាជួយគាំទ្រផលិត ផល ធ្វើអំពីដើមរពាក់របស់ខ្មែរយើងផង ដើម្បីពួកគាត់អាចរក្សាកេរ្តិ៍មរតក ដែលជាស្នាដៃរបស់ដូនតាបានយូរអង្វែងទុកជូនកូនចៅជំនាន់ក្រោយបានស្គាល់៕