(បន្ទាយមានជ័យ)៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបការនាំចូលគ្រឿងក្នុងជ្រូកដោយខុសច្បាប់មួយករណី និងករណីនាំមាន់រស់ ៨៤០ក្បាលមួយករណី នៅក្រុងសិរីសោភ័ណ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយ ក្រុមអន្តរាគមបង្រ្កាបបទល្មើសវិស័យសុខភាពសត្វ និងផលិតកម្មសត្វ នៃមន្ទីរកសិកម្មខេត្ត សហការជាមួយ សមត្ថកិច្ចការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រចាំនៅក្បាលស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះថា លោកបានដឹកនាំ មន្ត្រីចុះបង្ក្រាបក្រុមឈ្មួញលួចនាំជ្រូក ពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងផ្សេងៗ ដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ដោយការបង្ក្រាបនេះជាបន្តបន្ទាប់ ស្ថិតនៅចំណុចក្បាលស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ។
ក្នុងនោះសមត្ថកិច្ចបង្ក្រាបករណីនាំចូលគ្រឿងក្នុងជ្រូក រួមមាន៖ ឆ្អឹងជំនីរ, ខួរ, ក្រពះ, ក្បាល, ជើង, ពោះវៀន, អណ្តាត និងពោះតាន់ ចំនួន៣៥កេស បង្កប់ក្នុងរថយន្តដឹកទំនិញ១គ្រឿង ហើយនៅថ្ងៃបន្តទៀតបង្ក្រាបនៅក្បែរគយសាលាក្រហម សង្កាត់ទឹកថ្លា រថយន្តម៉ាក Hyundai មានផ្ទុកមាន់រស់៨៤០ក្បាល។
ក្រោយពីការពិនិត្យឃើញថា ផលិតផលចម្រុះខាងលើមានការប្រែប្រួលសភាពដើម ទាំងបរិមាណ ហើយមានក្លិនស្អុយហើយនោះ សមត្ថកិច្ចជំនាញឯកភាពគ្នា សម្រេចធ្វើការដុតកម្ទេចចោលតាមវិធានបសុពេទ្យ នៅចំណុចដីវាលភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕