(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នៅពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០២០ និងប្រគល់តួនាទីភារកិច្ច ដល់បណ្តាប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានជំរុញឱ្យមន្ត្រីទើបបញ្ចប់វគ្គបណ្តុះបណ្តាល និងចូលក្របខ័ណ្ឌថ្មីឆ្នាំ២០២០នេះ ត្រូវបំពេញតួនាទីឲ្យបានល្អដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។
ពិធីខាងលើនេះមានការចូលរួមពីលោក-លោកស្រី ស្នងការរង, នាយរងការិយាល័យ, អធិការ, អធិការរងក្រុង, ស្រុកទាំង៩ទូទាំងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ស្នងការ បន្តថាមន្ត្រីក្របខ័ណ្ឌថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ, គោរពបទបញ្ជាថ្នាក់លើ, គោរពវិន័យកងកម្លាំង, បង្ហាញភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការអនវត្តការងារ, ត្រូវគោរពច្បាប់ចរាចរណ៍ជាប់ជាប្រចាំនៅពេលបើកបរ ដើម្បីបង្ហាញជាគំរូដល់ប្រជាពលរដ្ឋ,ហាមដាច់ខាតខាតចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ ជាពិសេសបញ្ហាគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានស្នើឲ្យមន្ត្រីបញ្ចប់វគ្គបណ្តុះបណ្តាលនិងចូលក្របខ័ណ្ឌថ្មីឆ្នាំ២០២០ ត្រូវចូលរួមថែសុខភាព ដោយពាក់ម៉ាស លាងដៃជាមួយជែល ឫទឹកអាកុលឲ្យបានញឹកញាប់ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា មន្ត្រីនគរបាលក្របខ័ណ្ឌថ្មីចំនួន៨១នាក់ (ស្រី១៧នាក់) ត្រូវបានបញ្ជូនបំរើការងារនៅប៉ុស្តិ៍នគរបាលចំនួន៣២ប៉ុស្តិ៍ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល រយៈពេល១ខែឆ្នាំ២០២០នេះ៕