(ពោធិ៍សាត់)៖ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្តល់ស្បៀងអាហារ និងសម្ភារអនាម័យ ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់គ្រួសារជនពិការភាព ក្នុងកំលុងពេលការរីករាលដាលនៃជំងឺ COVID-19 ជូនបងប្អូនជនពិការចំនួន៥៣៩ គ្រួសារ មកពីស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវ៉ាញ និងស្រុកវាលវែង ដែលរៀបចំឡើយដោយអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) ក្រោមជំនួយគាំទ្រឧបត្ថម្ភរបស់អាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងសម្ដែងនូវការដឹកគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនជនពិការភាពទាំងអស់ ដែលបានចូលរួមពលីគ្រប់បែបយ៉ាង ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានចាត់ទុកបងប្អូន ជាតួអង្គយ៉ាងសំខាន់ក្នុងការរំដោះ កសាងប្រទេសជាតិ និងការអភិវឌ្ឍ ដូចអ្វីដែលយើងទាំងអស់គ្នា បានឃើញ និងទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាព នាពេលបច្ចុប្បន្ននេះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចបងប្អូន ពិការភាព ជាពិសេសកាលពីម្សិលមិញសម្តេចតេជោ បានប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩ ទូទាំងប្រទេស ដែលនេះបង្ហាញឲ្យឃើញជាថ្មីថា រាជរដ្ឋាភិបាលនឹងមិនទុកឲ្យពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយអត់បាយ ដោយគ្មានការយកចិត្តទុកដាក់នោះទេ ដែលនេះជាបង្ហាញឲ្យឃើញអំពីលទ្ធផលយ៉ាងច្បាស់ នៃការគាំទ្រសម្តេចតេជោ គឺជាការគាំទ្រអនាគតរបស់យើងទាំងអស់គ្នា។
លោកទេសរដ្ឋមន្រ្តី បន្តទៀតថា ពិធីចែករំលែកស្បៀងអាហារ និងសម្ភារនាថ្ងៃនេះ គឺជាការចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលភិបាលកម្ពុជា ក្នុងកំលុងពេលការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនមានពិការភាពទាំងអស់ ត្រូវបន្តកសាងនូវសេដ្ឋកិច្ចគ្រួសារឲ្យបានរឹងមាំ និងឈរជាបង្អែកយ៉ាងកក់ក្ដៅសម្រាប់ ក្រុមគ្រួសាររបស់ខ្លួនផងដែរ។
លោកទេសរដ្ឋមន្រ្តី បន្តទៀតថា ទោះបីយើងពិការមែន តែមិនមែនអសមត្ថភាពទេ យើងមានឆន្ទៈខ្ពស់ និងគោលដៅជាក់លាក់ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton នេះ ដែលផ្តល់នូវបេះដូង និងចិត្តមេត្តាធម៌ចំពោះប្រជាពលរដ្ឋកម្ពុជាពីចំងាយ ចូលរួមចំណែកកាត់បន្ថយការលំបាករបស់គ្រួសារជនពិការភាព ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺ COVID-19 ព្រមទាំងបានជួយសាងសង់ និងឧបត្ថម្ភនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់អង្គការ DDSP ផងដែរ។
លោកស្រី ប៊ុត រតនា បានលើកឡើងថា មូលនិធិ Sir Bobby Charlton មានសេចក្តីរីករាយ ដែលបានសហការជាមួយអាជ្ញាធរមីន ចូលរួមគាំទ្រដល់ការងារដ៏មានតម្លៃរបស់អង្គការ DDSP ហើយសង្ឃឹមថា ស្បៀងអាហារ និងសម្ភារទាំងនេះនឹងអាចជួយសម្រួលកាត់បន្ថយការលំបាកបានខ្លះ ក្នុងពេលវេលាដ៏លំបាកនេះ នាកំឡុងពេលរីករាលដាលជម្ងឺកូវីដ-១៩។
លោកស្រី ប៊ុត រតនា បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកទេសរដ្ឋមន្ត្រី លី ធុជ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងពិធីមនុស្សធម៌ដ៏មានសារៈសំខាន់នាថ្ងៃនេះ។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោកអភិបាលខេត្ត, លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា មន្ទីរសង្គមកិច្ចខេត្ត គណ:អភិបាលស្រុកតាលោសែនជ័យ ភ្នំក្រវ៉ាញ វាលវែង ក្រុមប្រឹក្សាឃុំ និងលោក ផែង សំណាង នាយកអង្គការ DDSP៕