(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពជីវភាពរបស់គ្រួសារអតីតយុទ្ធជនកម្ពុជា ដែលកំពុងរស់នៅលើទីតាំងដីសម្បទានសង្គមកិច្ចក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ដំណើរអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យពីការរស់នៅរបស់អតីតយុទ្ធជននេះ ក៏មានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ដើម្បីជាតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកបានចូលរួមចំណែកដ៏សំខាន់ក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរបស់អតីតយុទ្ធជននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ដីទំហំដីប្រមាណ ៣០២ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សម្រាប់សាងសង់លំនៅឋានជូនអតីតយុទ្ធជន។
ក្រុមគ្រួសារអតីតយុទ្ធជនប្រមាណ ១៨២គ្រួសារ បានចាប់ឆ្នោតចូលរស់នៅក្នុងលំនៅឋានដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលនេះ។ ក្រៅពីបានផ្ទះមួយខ្នង និងដីលំនៅឋានទំហំ ៣០ម៉ែត្រ គុណនឹង ៤០ម៉ែត្រហើយនោះ គ្រួសារអតីតយុទ្ធជនមួយគ្រួសារ ទទួលបានដីសម្រាប់បង្កបង្កើនផល១ហិកតាផងដែរ។
ក្នុងដំណើរចុះពិនិត្យមើលពីការរស់នៅរបស់អតីតយុទ្ធជននេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការរបស់សម្តេចតេជោ បានចុះសំណេះសំណាល និងពិនិត្យមើលការរស់នៅរបស់អតីតយុទ្ធជននៅតាមលំនៅឋាន និងបានជម្រាបពួកគេពីការនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ពួកគេពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អតីតយុទ្ធជនថា ទោះបីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានចុះដល់ខ្នងផ្ទះរបស់អតីតយុទ្ធជនយ៉ាងណាក្តី តែទឹកចិត្តសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតស្ថិតនៅជាមួយអតីតយុទ្ធជនជាប់ជានិច្ច។ បន្ថែមពីលើនោះ សម្តេចទាំងទ្វេតែងក្រើនរំលឹកជានិច្ចដល់សមាគម និងអាជ្ញាធរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើជីវភាព និងដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជន។
បន្ថែមពីបង្ហាញនូវការនឹករលឹក និងការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធចំពោះអតីតយុទ្ធជនហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាថ្នាក់ដឹកនាំសមាគមមួយរូបធ្វើសកម្មភាពយ៉ាងសកម្មដើម្បីប្រយោជន៍របស់អតីតយុទ្ធជន ក៏បានក្រើនរំលឹកដល់អតីតយុទ្ធជនឱ្យប្រឹងប្រែងបង្កបង្កើនផលលើដីដែលរាជរដ្ឋាភិបាលផ្តល់ជូន។ ជាមួយគ្នានោះ គួរឆ្លៀតចិញ្ចឹមសត្វ ដើម្បីរកចំណូលបន្ថែមទ្រទ្រង់ជីវភាព បន្ថែមពីលើប្រាក់ដែលរាជរដ្ឋាភិបាលផ្តល់ជូនជារៀងរាល់ខែ។
លោកទេសរដ្ឋមន្ត្រី គន់ គីម នៅចំពោះមុខលោក គួច ចំរើន ដែលជាអភិបាលខេត្តនោះ ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ឱ្យយកចិត្តទុកដាក់ពិនិត្យដោះស្រាយបញ្ហារបស់អតីតយុទ្ធជន និងជួយអន្តរាគមន៍សម្របសម្រួលការប្រកបរបររបស់អតីតយុទ្ធជនដូចជាការដាំដុះ និងចិញ្ចឹមសត្វជាដើម ដើម្បីជួយឱ្យពួកគាត់មានចំណូលទ្រទ្រង់ជីវភាព។
អតីតយុទ្ធជននៅទីតាំងខាងលើបាននិងកំពុងរស់នៅក្នុងស្ថានភាពជីវភាពមួយល្អប្រសើរ បន្ទាប់ពីពួកគេបានផ្ទះ និងដីសម្រាប់បង្កបង្កើនផលពីរាជរដ្ឋាភិបាល។ ពួកគេក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន៕