(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចុះប្រគល់ផ្ទះថ្មី២ខ្នង ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធពិការចំនួន២គ្រួសារ តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។
អតីតយុទ្ធជនពិការដែលទទួលបានអំណោយផ្ទះថ្មីមានទី១៖ ជាខ្នងទី១៦២ ត្រូវបានប្រគល់ជូនលោកតា ព្រុំ សុង អាយុ៦៦ឆ្នាំ និងលោកយាយ អ៊ុន គត អាយុ៥៤ឆ្នាំ ដែលជាត្រូវជាឪពុកម្តាយរបស់អតីយុទ្ធជនពលី ដែលមានសមាជិកក្នុងបន្ទុកគ្រួសារចំនួន ០៤ នាក់ រស់នៅភូមិបឹងពែរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ដែលកូនរបស់គាត់ឈ្មោះ សួន ចាន់ ជា អតីតយុទ្ធជននៅអង្គភាពកងពលលេខ២ចាស់ ដែលបានពលីជីវិត ក្នុងសមរភូមិផ្លូវជាតិលេខ៦២ (ផ្លូវជាតិ១២ចាស់) នៅឆ្នាំ១៩៩៥។
និងផ្ទះទី២៖ ជាខ្នងផ្ទះទី១៦៣ ត្រូវបានប្រគល់ជូនលោកអនុសេនីយ៍ទោ ពុយ វណ្ណៈ អាយុ៦៩ឆ្នាំ ជាអតីតមន្រ្តីនគរបាលនៃអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក ចូលនិវត្តន៍ក្នុងឆ្នាំ២០០៨ និងភរិយាឈ្មោះ ហុង គុណ អាយុ៦២ឆ្នាំ មានក្រុមគ្រួសារក្នុងបន្ទុកចំនួន០៦ នាក់ ដែលរស់នៅក្នុងភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងពិធីប្រគល់ផ្ទះទាំង២ខ្នងនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ទៅផ្តល់ជូនគាត់ដោយក្នុង ០១គ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម មី ០២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ០២យួរ និងថវិកា មួយចំនួនផងដែរ។
លោក សោម ស៊ុន បានបញ្ជាក់ផងដែរថា ផ្ទះថ្មីដែលបានសាងសង់ជូនអតីតយុទ្ធជនទាំង០២ គ្រួសារនេះ មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីសសរបេតុង ឆ្អឹងដែក ជញ្ជាំង និងដំបូលប្រក់សង័្កសី រនាបក្រាលក្តារ ជណ្ដើរកាច់សាងសង់ខ្ពស់ផុតពីដី។
ក្នុងឱកាសនេះផងដែរ លោក សោម ស៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អតីតយុទ្ធជន និងប្រជាជនដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុក្ខដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងប្រជាជនយើងនៅគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរ លោក សោម ស៊ុន ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ ឋនិងអតីតយុទ្ធជនត្រូវបន្តការប្រុងប្រយ័ត្នការពារ ទប់ស្កាត់ការឆ្លងរីលរាលដាលពីជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕