(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធី «ការធ្វើតេស្តសាកល្បង លើការប្រើប្រាស់កម្មវិធីបញ្ចូលទិន្នន័យ ទៅកាន់ប្រព័ន្ធ E-Filing (E-Filing Desktop Application)» នាថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាជាតិពន្ធដារ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
ពិធីនេះ ក៏មានការចូលរួមពី លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា, លោកឧកញ៉ា សុខ ពិសិដ្ឋ សហប្រធានក្រុមការងារ អគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន និងលោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងមានការចូលរួម របស់លោកអគ្គនាយកដ្ឋានរង លោកប្រធាននាយកដ្ឋាន អនុប្រធាន និងសមាជិកនៃសមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន។
ជាកិច្ចចាប់ផ្ដើម ភាគីឯកជនដែលតំណាងដោយ លោកបណ្ឌិត អ៊ិន ចាន់នី លោកឧកញ៉ា សុខ ពិសិដ្ឋ និងលោក គា បូរាណ បានថ្លែងអំណរគុណចំពោះលោក ប្រតិភូរាជរដ្ឋាភិបាល ដែលបានខិតខំជំរុញការងាកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងតែងតែយកចិត្តទុកដាក់ ចំពោះរាល់ការលើកឡើង ជាបញ្ហាប្រឈមរបស់ វិស័យឯកជនបានជួបប្រទះ ព្រមទាំងតែងតែបានឆ្លើយតប និងផ្ដល់នូវដំណោះស្រាយ ចំពោះរាល់បញ្ហាប្រឈមជូនវិស័យឯកជន។
ឆ្លៀតក្នុងឱកាសនេះដែរ សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងសហគ្រាសក្នុងវិស័យឯកជន ក៏បានថ្លែងអំណរគុណ ដល់អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានពន្យារពេលនៃកាលបរិច្ឆេទកំណត់ឲ្យប្រើប្រាស់ប្រព័ន្ធ E-Filing សម្រាប់រយៈពេល៣ខែ តាមសំណើសុំរបស់ភាគីឯកជន ដើម្បីជូនពេលវេលាបន្ថែមទៀត សម្រាប់សហគ្រាសក្នុងការសម្របសម្រួលខ្លួន និងបណ្តុះបណ្តាលបុគ្គលិកជាអ្នកប្រើប្រាស់ ក្នុងគោលដៅធានា ឲ្យការប្រើប្រាស់ប្រព័ន្ធនេះ ដំណើរការទៅដោយរលូន។
ជាកិច្ចបន្ទាប់ លោកប្រតិភូរាជរដ្ឋាភិបាល បានជម្រាបបញ្ជាក់ជូនអង្គពិធីថា ការអនុវត្តការងារកំណែទម្រង់មុតស្រួច និងស៊ីជម្រៅរបស់អគ្គនាយកដ្ឋានពន្ធដារ គឺជាការអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្រកៀគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ជាពិសេសជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់នូវគោលការណ៍អភិបាលកិច្ចល្អ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ផងដែរថា ការដាក់ឲ្យប្រើប្រាស់នូវកម្មវិធី Desktop Application នេះ នឹងផ្ដល់ជាគុណប្រយោជន៍ ជាការឆ្លើយតបទៅនឹងសំណើសុំជារឿយៗ ពីសំណាក់ភាគីឯកជន ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករនានា ជាពិសេសផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖
* អនុញ្ញាតឲ្យអ្នកប្រើប្រាស់មានលទ្ធភាព ធ្វើការបញ្ចូលទិន្នន័យតាមរយៈ Excel Template មិនចាំបាច់ប្រើប្រាស់បណ្តាញអ៊ិនធឺណែត
* អនុញ្ញាតឲ្យមានអ្នកប្រើប្រាស់ច្រើន តាមរយៈការបញ្ចូលទិន្នន័យក្នុង File Excel (ឧ. សាខានៃសហគ្រាសទាំងអស់ អាចបញ្ចូលទិន្នន័យក្នុងទម្រង់ Excel តែមួយ)
* អាចបែងចែកការបញ្ចូលទិន្នន័យ ទៅតាមមុខងារផ្សេងៗនៃប្រព័ន្ធ E-Filing (បៀវត្ស, ទិញ-លក់, និងពន្ធកាត់ទុក) និង
* ជួយសម្រាលបន្ទុកលើបណ្តាញ ដែលតភ្ជាប់មកអគ្គនាយកដ្ឋានពន្ធដារ (GDT Server)។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញនូវឆន្ទៈក្នុងការបន្តទទួលយកនូវមតិយោបល់ របស់ភាគីឯកជនជាអ្នកប្រើប្រាស់ ដើម្បីបន្តកែលម្អ និងធ្វើបច្ចុប្បន្នភាព នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រឹងគុណភាព និងបន្តធ្វើឲ្យកាន់តែប្រសើរឡើងនូវការផ្ដល់សេវា ធ្វើយ៉ាងណាឆ្លើយតប នឹងតម្រូវការរបស់អ្នកជាប់ពន្ធ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន។
គួរបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីក្នុងរយៈពេល២ថ្ងៃនេះ គឺដើម្បីផ្ដល់លទ្ធភាពជូនសហគ្រាស ជាអ្នកប្រើប្រាស់អាច៖
* ទទួលបាននូវការបណ្ដុះបណ្ដាល អំពីការប្រើប្រាស់កម្មវិធី E-Filing Desktop Application
* ធ្វើការសាកល្បងប្រើប្រាស់កម្មវិធីនេះ និង
* ជាពិសេស ផ្ដល់នូវមតិយោបល់ក្នុងការប្រើប្រាស់ ដើម្បីអគ្គនាយកដ្ឋានពន្ធដារ បន្តធ្វើឲ្យកាន់តែប្រសើរឡើង នូវកម្មវិធី Desktop Application នេះបន្ថែមទៀត៕