(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ» នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២នេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចែករំលែកបទពិសោធន៍ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលខេត្តទទួលចំណាត់ថ្នាក់ល្អ ៣ឆ្នាំជាប់ៗគ្នា។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងថា ខេត្តត្បូងឃ្មុំមានចំនួន ៦៤ឃុំ សង្កាត់ ក្នុងនាមសមត្ថកិច្ចអនុវត្តច្បាប់ គឺកម្លាំងជំនាញរបស់លោកទូទាំងខេត្តបានក្តោបរួមទាំងអស់ទៅលើបញ្ហាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ នៅតាមមូលដ្ឋាននានាជាដើម។ ឆ្នាំ២០១០ ជាឆ្នាំដំបូងសម្រាប់អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ហើយនៅដំណាក់កាលនោះរាជរដ្ឋាភិបាលបានកំណត់តែ៥ចំណុចនោះទេជាមេរៀន ក៏ប៉ុន្តែ នៅឆ្នាំ២០១២ ត្រូវបានរដ្ឋាភិបាលបន្ថែមចំនួន ៤ចំណុចបន្ថែមទៀត។ ជាការពិតការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពជាភារកិច្ចរួមរបស់ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ប៉ុន្តែនគរបាលជាកម្លាំងស្នូល។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបន្តថា ដើម្បីឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អ៣ឆ្នាំជាប់គ្នានេះ ដែលគឺថ្នាក់ដឹកខេត្តគ្រប់លំដាប់ថ្នាក់ បានទន្ទេញជាប់ៗជាប្រចាំពីគោលនយោបាយចំនួន ៩ចំណុច មានវិញ្ញាសារ៥ត្រូវប្រឡង ចំណាត់ថ្នាក់៤ ត្រូវបញ្ជាក់ពីលទ្ធផល និងគោលការណ៍៤ទៀត សម្រាប់អនុវត្ត។
លោកឧត្តមសេនីយ៍ទោ បានចោទជាសំណួរថា តើហេតុអ្វីបានជាខេត្តត្បូងឃ្មុំ បានធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយល្អ?
លោកស្នងការខេត្តកូនពៅរូបនេះ សម្រាប់ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងមានរយៈពេល៧ឆ្នាំមកហើយ ដោយឡែកសម្រាប់រូបលោកផ្ទាល់ បានមកកាន់តំណែងជាស្នងការនគរបាលខេត្ត បានរយៈពេល៣ឆ្នាំ ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំនគរបាលទូទាំងខេត្ត បានចាត់ទុកការប្រឡងប្រណាំងគោលនយោនបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាម៉ែត្រវាស់ផ្នែកសន្តិសុខ។
លោកថ្លែងថា ចាប់តាំងពីឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ នៅក្នុងខេត្តមានភូមិ ឃុំ ដែលប្រឡងជាប់លេខ១ មានមិនក្រោម ៩០ភាគរយ នៃភូមិ ឃុំទូទាំងខេត្ត។ លេខ១នេះ ត្រូវគឺសំដៅទៅលើវិញ្ញាសារចំនួន៥ ដែលត្រូវគិតដើម្បីយកមកធ្វើជាលទ្ធផលរួមមានទី១៖ ពាក់ព័ន្ធនឹងការកើនឡើងនូវបទល្មើស, ទី២៖ លទ្ធផលនៃការបង្ក្រាប, ទី៣៖ ការផ្សព្វផ្សាយទូទៅ, ទី៤៖ ការបើកវេទិការសាធារណៈ និងទី៥៖ គឺចលនាប្រជាការពារ ហើយវិញ្ញាសារទី៥នេះហើយ ជាគ្រឹះសម្រាប់ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដូច្នេះហើយប្រសិនបើអនុវត្តចំណុចទី៥នេះ មិនបានជោគជ័យទោះបីប៉ូលីស ឬកម្លាំងអាវុធហត្ថពូកែយ៉ាងណា ក៏ការអនុវត្តនឹងមិនទទួលបានលទ្ធផលល្អនោះទេ។
ស្នងការខេត្តត្បូងឃ្មុំរូបនេះ បានលើកឡើងថា ដើម្បីអនុវត្តគោលនយោបាយនេះបានល្អ នគរបាលនៅតាមបណ្តាលប៉ុស្តិ៍នានា ទូទាំងខេត្តបានបំពេញភារកិច្ចផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដល់ប្រជាពលរដ្ឋ ដោយតាមសង្កេតមើលនគរបាលនៅតាមមូលដ្ឋានឱ្យបត់បែន ទន់ភ្លន់ទៅតាមសភាពការណ៍។ ជាពិសេសនគរបាលរបស់លោកបានយកនៅរឿងក្នុងសង្គមណាមួយដែលរសើបជាងគេ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋដូចជា ករណីគ្រោះថ្នាក់ចរាចរណ៍, បញ្ហាគ្រឿងញៀន ជាដើម។
លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា ក្នុងនាមនគរបាលលោកតែងតែបញ្ជូនមន្ត្រីរបស់ខ្លួន ចូលរួមក្នុងវេទិការសាធារណៈនានា ដែលត្រូវបានរៀបចំឡើងដោយអាជ្ញាធរខេត្ត ដើម្បីស្តាប់ស្វែងយល់ពីកង្វល់ ព្រមទាំងធ្វើការដោះស្រាយនូវចម្ងល់ទាំងនោះជូនប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត ដូចជាការងារធ្វើអត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ, សៀវភៅក២, សៀវភៅក៤ ដែលបន្ទុកនេះជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលជាអ្នកដោះស្រាយជូនពួកគាត់ជាដើម។ តាមរយៈកិច្ចការងាររបស់មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ដើម្បីបម្រើប្រជាជន ជាផ្នែកមួយយ៉ាងសំខាន់ចូលរួមអនុវត្តគោលវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនៅក្នុងខេត្តទាំងមូលទទួលបានចំណាត់ថ្នាក់ល្អ ៣ឆ្នាំជាប់ៗគ្នា។
លោកស្នងការបានបន្ថែមទៀតថា បច្ចុប្បន្ន កំពុងសម្រួលមន្ត្រីនគរបាលប៉ុស្តិ៍ ទៅជាមន្ត្រីនគរបាលសហគមន៍ ដើម្បីធ្វើយ៉ាងណាកុំឱ្យមន្ត្រីនគរបាលប៉ុស្តិ៍មានការប៉ះទង្គិចជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លាំងពេក ដើម្បីគ្រប់គ្រងបេះដូងប្រជាពលរដ្ឋ តាមរយៈចំណុចនេះសង្ឃឹមថា នៅពេលដែលខ្លួនមានការលំបាកពួកគាត់នឹងរាយការណ៍ជូន នគរបាលសហគមន៍ ដែលអាចធ្វើឱ្យនគរបាលយើងក្តាប់បានកាន់តែច្បាស់ពីស្ថានភាពនានានៅក្នុងមូលដ្ឋាន ដើម្បីរាយការណ៍ទៅថ្នាក់លើ ហើយចំណុចនេះគឺជាសំខាន់ខ្លាំងណាស់ដែលធ្វើឱ្យខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលជោគជ័យលើគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពល្អ ៣ឆ្នាំជាប់ៗគ្នា។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា តាមរយៈទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ជាមួយសមត្ថកិច្ចនេះ បានធ្វើឱ្យបទល្មើសនានានៅក្នុងខេត្តបានធ្លាក់ចុះជាលំដាប់ ហើយទាំងនេះជាលទ្ធផលនៃការផ្សព្វផ្សាយពីច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនេះជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
បើយោងតាមរបាយការណ៍ បានឱ្យដឹងថា ការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ខេត្តត្បូងឃ្មុំបានរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ប្រព្រឹត្តទៅដោយរលូន និងគ្មានការភ័យខ្លាច ការបំភិតបំភ័យការគំរាមកំហែង និងអំពើហិង្សាផ្សេងៗប្រកបដោយជោគជ័យព្រមទាំងពិធី និងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនទៀត។
ការប្រឡងប្រណាំងភូមិ-ឃុំមានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ គឺប្រភេទលេខ១ មាន៦១ ឃុំ-សង្កាត់, ប្រភេទលេខ២ មាន ៣ឃុំ-សង្កាត់, និងប្រភេទលេខ ៣គ្មាន។ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជាច្រើនផងដែរ ក្នុងនោះ បទល្មើសព្រហ្មទណ្ឌ មាន៧៦ករណី/៨៣បើធៀបនឹងឆ្នាំ២០១៨ ថយចុះ ០៧ករណី ស្មើនឹង៨%។ ប៉ុន្តែលទ្ធផលបង្រ្កាបបានមាន៧៣ករណី ស្មើនឹង៩៦% ឃាត់ខ្លួនជនសង្ស័យ៨៩នាក់ បទល្មើសគ្រឿងញៀន ២៤៤ករណី/២២៨ ឃាត់ខ្លួន ៣៦៨នាក់ (ស្រី១៩នាក់), គ្រោះថ្នាក់ចរាចរណ៍៦១ លើក/៥៥ កើនឡើង០៦លើក ស្មើនឹង១១% ក្នុងនោះស្លាប់ ៥១នាក់ និងរបួស៨១នាក់។ រៀបចំឱ្យមានក្រុមប្រជាការពារនៅគ្រប់ឃុំ សង្កាត់ ដើម្បីជួយក្រើនរំលឹកដាស់តឿន ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យចេះប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និងរំលឹកដាស់តឿនរាល់ការធ្វេសប្រហែស ដែលជាអំណោយផលដល់ការប្រព្រឹត្តបទល្មើស និងជួយអប់រំ ដល់យុវជន យុវនារី ក្នុងមូលដ្ឋានឱ្យអនុវត្តល្អ និងមានភារកិច្ច រាយការណ៍អំពីមុខសញ្ញា ឬបាតុភាពសង្ស័យដែលទាក់ទិនដល់សន្តិសុខសណ្ដាប់ធ្នាប់ជូនដល់នគរបាល ដើម្បីចាត់វិធានការការពារសុវត្ថិភាពភូមិ-ឃុំ-សង្កាត់៕