(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នំា២០២០នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងថ្មី របស់ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រគល់អនុក្រិត្យ និងត្រា ជូនលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានចូលកាន់តំណែងថ្មី ជាប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ជំនួសលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ដែលត្រូវបានចូលនិវត្ដន៍។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរាល់សម្ធិផលការងាររបេងបានយ៉ាងល្អប្រសើរកន្លងមកនេះ ក្រោមការដឹកនាំរបស់ លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង។
រដ្ឋមន្ដ្រីសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់ប្រធានថ្មី ត្រូវយកចិត្ដទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រងការងារនេះឱ្យមានដំណើរការល្អបន្ថែមទៀត ជាពិសេសរុករកអ្នកជំងឺមកថែទាំព្យាបាលឲ្យជាសះស្បើយ ខណៈដែលយើងមានសម្ភារបរិក្ខារពេទ្យកាន់តែទំនើបជាងមុន៕