(ស្វាយរៀង)៖ ទៀនព្រះវស្សាចំនួន១០គួ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនមុខ ប្រេងកាត និងបច្ច័យ ជាថវិកាក្នុងមួយវត្តៗ ចំនួន២លាន៣សែនម៉ឺនរៀល ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្បរសជននានា ត្រូវបានឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកស្រី, ឧត្តមសេនីយ៍ឯក ស៊ិន ស៊ន និងលោកស្រី រួមទាំងនាយទាហាន នៃបញ្ជាការដ្ឋានកង ឯកភាពអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី នាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស តាមទីអារាមចំនួន៥ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៥មិថុនា។
ទីអារាមទាំង៥ ដែលទទួលបានទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បច្ច័យ ភេសជ្ជៈ និងប្រេងកាត ជាអំណោយដ៏សប្បរសធម៌ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលនោះរួមមាន វត្តច្រកម្ទេស វត្តទួលសីម៉ា វត្តសុវណ្ណរង្សី វត្តទួលអង្គស្វាយធំ និងវត្តគ្រោធការ៉ាម។
ពិធីនេះបានប្រារព្វធ្វើព្រមៗគ្នា ជាមួយនិងពិធីសម្ពោធសមិទ្ធផលនានា រួមមានសាលាឆាន់ ក្លោងទ្វារវត្ត និងរូបបដិមាករសត្វដំរី ដែលចំណាយអស់ថវិកា សរុបប្រមាណ៤ម៉ឺនដុល្លា ក្នុងទីអារាមវត្តទួលសីម៉ា ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ទៀនវស្សា គឺជាពិធីសាសនាមួយរបស់ព្រះពុទ្ធសាសនា ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោលគឺធ្វើឡើងពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំជូនជារៀងរាល់ឆ្នាំ។
ឧត្តមសេនីយឯក យិន ច័ន្ទធូន មានថ្លែងឲ្យដឹងថា ជារៀងរាល់ឆ្នាំសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត តែងតែចាត់តាំងឲ្យរូបលោក និងសហការីទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស នាំយកនូវទៀនព្រះវស្សា បច្ច័យ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងកាត វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមទាំង៥នេះ មិនដែរអាក់ខានម្តងណាឡើយ ដោយសាតែទីអារាមទាំងនេះ មានការលំបាកខ្វះខាត និងស្ថិតនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល។
ឧត្តមសេនីយ៍ឯក ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេននិងជូនចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្តទាំង៥ ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផលនានាក្នុងទីអារាមនីមួយៗ មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយៗទៅមួយឆ្នាំ ដែលនោះបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រវាងព្រះសង្ឃនិងគ្រហត្ថ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ។
ជាមួយនឹងម្នុញផលកើតចេញពីទឹកចិត្តជ្រះថ្លានោះ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៥ បានលើកឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធទេវតាថែរក្សាក្នុងលោក សូមតាមជួយប្រោសព្រំបីបាច់ថែរក្សាការពារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងបុត្រាបុត្រី និងចៅៗទាំងអស់របស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កំលាំងពូលាំងមាំមួន អាយុយ៉ឺនយូរ មានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នមនុស្សធម៌កាកបាទក្រហមកកម្ពុជា ឲ្យកាន់តែរីកចំរើនរឹងមាំជានិច្ចនិរន្តតរៀងទៅ។
ព្រះសង្ឃក៏បានលើកឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសិប្បុរិសភោគាធិបតី ហ៊ុន នាង ឧបាសិកា ឌី ប៉ុក ឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាព លាចាកលោកយើងហើយនោះ បានយោងយិតទៅចាប់បដិសន្ធិនៅឋានសួគ៌ា បរមសុខគ្រប់ប្រការ និងបានលាចាកផុត ពីទុក្ខទោសផងទាំងពួងចាប់ពីពេលនេះតរៀងទៅ។
ឧត្តមសេនីយ៍ឯក យិន ច័ន្ទធូន និងលោកស្រី បាននាំយកនូវក្រណាត់ស និងក្រម៉ា ជូនដល់ចាស់សិល៍វ័ន្ត និងចាស់សិល៍វតីចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ឬក្រម៉ា១ អមនិងថវិកា ១ ម៉ឺនរៀល ៕