(កំពត)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំជុំវិញខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ពីរកន្លែង គឺគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ របស់វិស័យឯកជន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធស្តារប្រឡាយទឹក និងសាងសង់ផ្លូវបេតុងពីរខ្សែរបស់រដ្ឋបាលខេត្ត ដែលស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។

គម្រោងទាំងពីរនោះរួមមាន៖ គម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យទេសចរណ៍ធម្មជាតិរបស់លោក ខាត់ ប៊ុណ្ណា នៅលើកោះនិស្ស័យដែលមានទំហំផ្ទៃដីប្រមាណ១៧ហិកតា ស្ថិតនៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ នឹងបង្កើតឱ្យមានជាសួនកម្សាន្ត អាហារដ្ឋាន ខ្ចុះអង្គុយមាត់ព្រែក ស្ពានគយគន់ទេសទេសភាពថ្ងៃលិច ទូកទេសចរណ៍ និងសេវាទេសចរណ៍មួយចំនួនទៀត ហើយបើតាមគម្រោង រំពឹងថានឹងអាចបើកដំណើរការទទួលភ្ញៀវទេសចរនៅឆ្នាំ២០២១ខាងមុខ និងគម្រោងទី២ ការស្តាប្រព័ន្ធប្រឡាយទឹក និងសាងសង់ផ្លូវបេតុងពីរខ្សែរបស់រដ្ឋបាលខេត្ត ស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ (ជាតំបន់ជាប់ក្រុងកំពត)។

លោកអភិបាលខេត្ត ជាវ តាយ បានកោតសរសើរចំពោះគម្រោងអភិវឌ្ឍន៍វិស័យទេចរណ៍ធម្មជាតិលើកោះ របស់លោក ខាត់ ប៊ុណ្ណា នឹងថាវាពិតបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនសក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត កាន់តែសម្បូរបែប។ លើសពីនេះ គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិនេះ ក៏នឹងអាចធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារ បង្កើនប្រាក់ចំណូលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាក្នុងខេត្តកំពតទាំងមូល ឱ្យកាន់តែប្រសើរឡើង។

យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត ក៏បានណែនាំដល់ម្ចាស់វិនិយោគគម្រោង មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើ

* ទី១៖ ការអភិវឌ្ឍន៍មិនឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំង
* ទី២៖ ការរៀបចំការអភិវឌ្ឍន៍ទាំងអស់ ត្រូវធ្វើទៅតាមលក្ខណៈបច្ចេកទេស ធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ចៀសផុតពីហានីភ័យផ្សេងៗ ពិសេសបញ្ហាទឹកជំនន់នៅពេលបើកទ្វាររំដោះទឹក របស់ទំនប់វាសអគ្គីនីកំចាយ។

ដោយឡែក សម្រាប់គម្រោងស្តារប្រព័ន្ធប្រឡាយទឹកវិញ ជាកិច្ចការងារសំខាន់មួយ ដើម្បីរំដោះទឹកចេញពីក្រុងផង និងដើម្បីអាចសាងសង់ផ្លូវបេតុងពីរខ្សែ ដែលខ្សែទី១ តភ្ជាប់ពីផ្លូវជាតិលេខ៣ រ៉បតាមផ្លូវរថភ្លើង និងខ្សែទី២ តភ្ជាប់ពីផ្លូវជាតិលេខ៣ កាត់តាមប្រឡាយទឹក ហើយតខ្សែភ្ជាប់ជាមួយផ្លូវបេតុងខ្សែទី១ ដែលស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ៕