(កណ្ដាល)៖ លោក ចាប ច័ន្ទវិទ្យា ជាអភិបាលស្រុកលើកដែក និងជាប្រធានកិត្តិយសសមាអតីតយុទ្ធជនកម្ពុជាស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីចំនួន១០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនកម្ពុជាចំនួន១០គ្រួសារ នៅស្រុកលើកដែក ខេត្តកណ្តាល។
លោក ចាប ច័ន្ទវិទ្យា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរយកចិត្តទុកដាក់ដល់គ្រប់ប្រជាពលរដ្ឋ និងអតីតយុទ្ធជនក៏ស្ថិតក្នុងចំណោម ដែលត្រូវគិតគូរជួយទំនុកបំរុងផងដែរ ខណៈអំណោយជាផ្ទះនេះ ពិតជាឆ្លុះបញ្ជាំងឱ្យឃើញពីគុណូបការៈដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ដែលបានយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជន។
លោកអភិបាលស្រុក បានបន្ថែមទៀតថា «ស្រុកទេសយើងកំពុងសំបូរសប្បាយរីករាយ មានការអភិវឌ្ឍន៍ជាតិរុងរឿង ស្គាល់តែការរីកចំរើន ហើយពិសេសគឺតម្លៃនៃសន្តិភាព ពិតជាគ្មានអ្វីអាចមកកាត់ថ្លៃនឹងបូរណភាពទឹកដីរបស់យើងបានឡើយ»។
អតីតយុទ្ធជនទាំង១០គ្រួសារ ដែលទទួលផ្ទះម្នាក់១ខ្នង មានដូចជាទី១៖ អតីតយុទ្ធជនឈ្មោះ ឯម ប៊ុណ្ណា គ្រួសារមុខសញ្ញាជនពិការ នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក, ទី២៖ អតីតយុទ្ធជនឈ្មោះ ឌុល រៀម គ្រួសារមុខសញ្ញាជនពលី នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក, ទី៣៖ អតីតយុទ្ធជនឈ្មោះ ជុំ ម៉ៅ គ្រួសារមុខសញ្ញាជនពិការ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក, ទី៤៖ អតីតយុទ្ធជនឈ្មោះ សន សារ៉េត គ្រួសារមុខសញ្ញាជនពិការ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក, ទី៥៖ អតីតយុទ្ធជនឈ្មោះ សៀក ងួន គ្រួសារមុខសញ្ញាជនពិការ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក។ ទី៦៖ អតីតយុទ្ធជនឈ្មោះ ជិន សុខុន គ្រួសារមុខសញ្ញានិវត្តជន នៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក, ទី៧៖ អតីតយុទ្ធជនឈ្មោះ ស៊ីត ភួង គ្រួសារមុខសញ្ញា ជនពលី នៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក, ទី៨៖ អតីតយុទ្ធជនឈ្មោះ សម ហាន គ្រួសារមុខសញ្ញាជនពិការ នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក, ទី៩៖ អតីតយុទ្ធជនឈ្មោះ ថាំង សេង គ្រួសារមុខសញ្ញាជនពិការ នៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើកដែក, ទី១០៖ អតីតយុទ្ធជនឈ្មោះ ភួង ជិន គ្រួសារមុខសញ្ញាជនពិការ នៅភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក។
ក្នុងឱកាសនោះដែរ លោកអភិបាលក៏បានឧបត្ថម្ភដល់គ្រួសារទាំង១០គ្រួសារ ក្នុង០១គ្រួសារ ទទួលបានអំណោយផ្ទាល់ពីលោករួមមាន៖ អង្ករ២៥គីឡូក្រាម, មី 0១កេស, ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ, កាដងទឹក០១, កាធុន០១, ស្រាក់០១, ឆ្នាំង០១, កន្ទេល០១, ធុងទឹកកក ០១, កញ្ចប់គ្រឿងទេស០១ និងថវិកាចំនួន១០០,០០០រៀល។
អតីតយុទ្ធជនទាំង១០គ្រួសារ បានថ្លែងអំណរគុណដល់សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តអាណិតស្រលាញ់ មកដល់គ្រួសារអតីតយុទ្ធជន ទាំងអស់ ដោយបានគិតគូរជួយយកចិត្តទុកដាក់ និងបានឧបត្ថម្ភផ្ទះជូនដល់ពួកគាត់ ដែលនេះជាទឹកចិត្តដ៏ថ្លៃថ្លាគ្មានអ្វីប្រៀបផ្ទឹមបានឡើយ និងសូមលើកដៃថ្វាយទេវតា សូមជួយតាមថែរក្សាសម្ដេចទាំងទ្វេឱ្យមានសុខភាពរឹងមាំ និងដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសាន្ត និងការអភិវឌ្ឍន៍ដរាបទៅមុខជារៀងរហូត៕