(រតនគិរី)៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្តខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តស្តីទី ព្រមទាំងថ្នាក់ដឹកនាំបុគ្គលិកមន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្តជាច្រើនរូបទៀត។
លោក ឈិត សុខុន បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តរតនគិរី ដែលបានសហការយ៉ាងល្អ ជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការនិងសាសនាខេត្ត បានយ៉ាងល្អប្រសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ បុគ្គលិកនៃមន្ទីរធម្មការ និងសាសនា ដែលមានឆន្ទៈស្រួចស្រាល និងការប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការ និងសាសនា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងធម្មការ ដាក់ចេញអនុសាសន៍៩ចំណុចឱ្យមន្ត្រីនៃមន្ទីរធម្មការ និងសាសនាខេត្តរតនគិរី បន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាពមានដូចជា៖
*ទី១៖ ត្រូវពិនិត្យមើលច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងធម្មការ និងសាសនា និងលិខិតបទដ្ឋានរបស់ក្រសួងផ្សេងទៀតដែលពាក់ព័ន្ធដើម្បីឱ្យមានភាព ច្បាស់លាស់ និងប្រសិទ្ធភាពក្នុងការអនុវត្តន៍
*ទី២៖ ត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនគ្រប់ថ្នាក់ ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់
*ទី៣៖ រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់មន្ទីរឲ្យបានសមស្រប និងមានប្រសិទ្ធភាព។
*ទី៤៖ រៀបចំឲ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជាផែនការអភិវឌ្ឍរបស់មន្ទីរក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
*ទី៥៖ ត្រូវគោរព និងប្រតិបត្តឱ្យបាននូវបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរធម្មការ និងសាសនាខេត្ត។
*ទី៦៖ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងនៅក្នុងមន្ទីរទាំងមូល បំពេញការងារដោយគោរពតាមឋានានុក្រម។
*ទី៧៖ ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយមេគណ អនុគណ មេដឹកនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរ មូលដ្ឋាន។
*ទី៨៖ ត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗមកកាន់ក្រសួងធម្មការ និងសាសនា ឲ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីក្រសួងធ្វើការបូកសរុប និងធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
*ទី៩៖ ប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ក្នុងការអនុវត្តការងារ ប្រចាំថ្ងៃ។
លោករដ្ឋមន្រ្តីបានក្រើនរំឮកអំពីបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងពិភពលោក ហើយមកទល់ពេលនេះនៅពុំទាន់មានការធូរស្បើយនៅឡើយ ហើយក៏ថ្លែងអំណរគុណដល់ អាជ្ញាធរខេត្តរតនគីរី ដែលបានចុះធ្វើការអប់រំណែនាំ និងអនុវត្តវិធានការនានា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ១៣០នាក់ក្នុងនោះមានអ្នកសរុបចំនួន១២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។
លោក ញ៉ែម សំអឿន បានសម្តែងនូវមនោសញ្ចេតនាចំពោះវត្តមានរបស់លោករដ្ឋមន្ត្រី ដែលបានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តខេត្តរតនគិរី ក្នុងគោលបំណងសិក្សាស្វែងយល់ពីសុខទុក្ខ បញ្ហាប្រឈម សំណើ សំណូមពរនានា និងស្ថានភាព វិស័យធម្មការ និងសាសនាខេត្ត។ លោកថា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល សាសនាទាំងអស់នៅក្នុងខេត្តរតនគិរី មានភាពសុខដុមរមនានិងគ្នា និងកំពុងដើរ តួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គម៕