(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាថ្ងៃដំបូងដែលប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចាប់ផ្ដើមទៅបើកសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល អំឡុងពេលជំងឺកូវីដ១៩។ គិតត្រឹមម៉ោង៣រសៀលនេះ មានប្រជាពលរដ្ឋប្រមាណជិត៩,០០០គ្រួសារ បានទៅបើកប្រាក់នេះ ដែលមានទំហំទឹកប្រាក់ ជិត១៦០០លានរៀល។
នេះបើតាមការឲ្យដឹងពី លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលជំងឺកូវីដ១៩»។
លោក ឈួរ សុបញ្ញា បានថ្លែងយ៉ាងដូច្នេះថា «ក្រោយពីការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីហើយ យើងបានដំណើរការនៃការបើកផ្ដល់របស់យើង ចាប់ពីព្រឹកមិញ (ព្រឹកថ្ងៃទី២៥ ខែមិថុនា) ដែលរហូតមកដល់ម៉ោង៣រសៀលនេះ អ្នកទទួលផលចំនួន៨,៨២៣គ្រួសារ អស់ទឹកប្រាក់ចំនួន ១,៥៧៩,៩២០,០០០រៀល ដែលបានបើករួចហើយនៅក្របខ័ណ្ឌទូទាំងប្រទេស»។
មន្ដ្រីជាន់ខ្ពស់រូបនេះបានអះអាងទៀតថា ពាក់ព័ន្ធការបើកសាច់ប្រាក់នេះទៀតសោត រាជរដ្ឋាភិបាលធានាថា នឹងមិនឲ្យបាត់បង់សាច់ប្រាក់របស់អ្នកទទួលផលនោះឡើយ ដោយហេតុថា ការចំណាយលើសេវាប្រតិបត្តិការផ្សេងៗ គឺរដ្ឋជាអ្នករ៉ាប់រងចំណាយទាំងអស់ ដូច្នេះមិនមានបាត់បង់សាច់ប្រាក់នោះទេ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ហើយត្រូវបានប្រកាសបើកជាផ្លូវការអនុវត្តន៍កម្មវិធីប្រគល់សាច់ប្រាក់នេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ បានឲ្យដឹងថា ជំហ៊ានដំបូងនៃការស្រាវជ្រាវនេះ រកឃើញប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ខ្លាំង មានចំនួនប្រមាណ ៥៦២,៦៨៦ គ្រួសារ ដោយគិតជាចំនួនមនុស្សមានប្រមាណ ជិត២លាន ៣សែននាក់។
តាមរយៈចំនួននេះ រាជរដ្ឋាភិបាលបានបញ្ជូនរួចទៅហើយនូវថវិកា១២៥លានដុល្លារអាមេរិក ទៅកាន់គោលដៅនានា សម្រាប់រយៈពេល៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារជំងឺកូវីដ១៩។ តាមអ្វីដែលជាផែនការ រាជរដ្ឋភិបាល នឹងចំណាយថវិកាប្រមាណ ២៥លានដុល្លារ ក្នុងមួយខែ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារជំងឺ COVID-19។
ប៉ុន្ដែចំនួននេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ពោលប្រសិនបើជំងឺនេះនៅបន្ដអូសបន្លាយ ការចំណាយអាចកើនដល់៣០លានដុល្លារ ឬលើសពីនេះ។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភប្រាក់ជូនដល់គ្រួសារក្រីក្រនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលដៅជួយសម្រួល ដោះស្រាយការលំបាករបស់ប្រជាជន ក្នុងរយៈពេលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប៉ុន្តែក៏ត្រូវតែចៀសវាងឲ្យបានផងដែរ នូវការបង្កើតឡើងនូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុង ទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល៕