(កណ្តាល)៖ លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចឲ្យឈ្មោះ សៀប ឌីណា និងឈ្មោះ កុយ កុសល់ វិលទៅផ្ទះវិញ ក្រោយពួកគេត្រូវបានចាញ់បោក យកឡានទៅដឹកដែកឲ្យជនមិនស្គាល់អត្តសញ្ញាណម្នាក់ដែលបានតេតាមទូរស័ព្ទ រួចហើយត្រូវបានម្ចាស់ដេប៉ូប្តឹងឲ្យសមត្ថកិច្ចចាប់វាយខ្នោះ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំពោះដែក ត្រូវបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់ ហើយចំពោះរថយន្តជាមធ្យោបាយធ្វើសកម្មភាព និងទូរស័ព្ទ២គ្រឿង ពាក់ព័ន្ធនឹងសកម្មភាពប្រព្រឹត្តបទល្មើស ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក បន្តស្រាវជ្រាវស៊ើបអង្កេត។
តាមដំណើររឿង៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ប្រើទូរសព្ទ័លេខ ០៩៦ ៣ ៧០៣ ២៣៦ តេមកទូរស័ព្ទឈ្មោះ ហង់ នរិទ្ធ ជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់ យីហោ កិនសង្ក័សីហង់នរិទ្ធ នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ដោយប្រាប់ថា ទិញដែកទីបជ្រុងចំនួន២៥២ដើម ដែកសរសៃចំនួន១៣៥ដើម យកទៅធ្វើផ្ទះសំណាក់ នៅឃុំព្រែកអញ្ចាញ ជិតឡនំបុង័ម៉េងហុង។ ពេលនោះឈ្មោះ ហង់ នរិទ្ធ និយាយថា ចាំខ្ញុំដឹកទៅឲ្យ តែម្ចាស់ទូរស័ព្ទប្រាប់ថាមិនបាច់ទេឡានខ្ញុំដឹកឥវ៉ាន់ទៅដាក់ឲ្យគេ នៅក្បែរដេប៉ូហ៊ាឯងដែរ។
លុះដល់វេលាម៉ោង១២៖៣០នាទីថ្ងៃដដែលឈ្មោះ សៀប ឌីណា បានបើករថយន្តម៉ាក KIA FRONTIER ជាមួយព្រូឡានឈ្មោះ កុយ កុសល មកដឹកដែកនៅដេប៉ូរបស់ឈ្មោះ ហង់ នរិទ្ធ ពេលមកដល់ឈ្មោះ ហង់ នរិទ្ធ សួរថា គេឲ្យមកដឹកមែនឫ? ឈ្មោះ សៀប ឌីណា ឆ្លើយថាហ្នឹងហើយ។
បន្ទាប់មកឈ្មោះ ហង់ នរិទ្ធ បានឲ្យកម្មករលើកដែកដាក់លើរថយន្តរបស់ឈ្មោះ សៀប ឌីណា ពេលលើកដែកដាក់រួចឈ្មោះ ហង់ នរិទ្ធ បានទូរស័ព្ទទៅម្ចាស់លេខទូរស័ព្ទ ០៩៦ ៣ ៧០៣ ២៣៦ ប្រាប់ថា ដែកលើកដាក់រថយន្តរួចហើយ មកទូរទាត់ប្រាក់សិនបានឲ្យរថយន្តចេញ។
ម្ចាស់លេខទូរស័ព្ទនិយាយថា ឲ្យរថយន្តចេញទៅ ខ្ញុំឆ្លងកំពង់ចម្លងមកដល់ឃុំស្វាយជ្រំហើយ បន្ទាប់មកឈ្មោះ សៀប ឌីណា បានបើករថយន្តដឹកដែកចេញ ពេលនោះឈ្មោះ ហង់ នរិទ្ធ មានការសង្ស័យក៏ឲ្យប្អូនខ្លួនឈ្មោះ ហង់ នរៈធារ៉ា ជិះម៉ូតូតាមរថយន្តនោះដល់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ទើបឈ្មោះ ហង់ នរៈធារា ឃាត់ឈ្មោះ សៀប ឌីណា ឲ្យបើករថយន្តដឹកដែក ឲ្យត្រឡប់មកឃុំព្រែកតាកូវវិញ។
ពេលនោះម្ចាស់ដេប៉ូ ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវ ឲ្យចាប់ឃាត់ខ្លួនបុរសទាំង២នាក់ រីឯម្ចាស់លេខទូរស័ព្ទ ០៩៦ ៣ ៧០៣ ២៣៦ បានបិទទូរស័ព្ទ ហើយមិនឃើញមកទូរទាត់ប្រាក់ថ្លៃដែកនោះទេ។
បើតាមសាច់ញាតិ, បើពួកគេទាំង២នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសហ្នឹងមែន ពួកគេនឹងមិនត្រឡប់ទៅវិញ តាមការហៅរបស់ប្អូនម្ចាស់ដេប៉ូនោះទេ ច្បាស់ជារកកន្លែងគេចខ្លួន ដើម្បីលាក់ដែកនោះបាត់ទៅហើយ ដូច្នេះសូមលោកអភិបាលខេត្ត និងលោកស្នងការជួយរយកយុត្តិធម៌ជូនពួកគេទាំង២នាក់ផង។
ក្រោយមានការចាប់ខ្លួន សាច់ញាតិបុរសទាំង២នាក់ បានទទូចសុំអន្តរាគមន៍ដល់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ដោយសារពួកគេទាំង២នាក់ពិតជាចាញ់បោកគេមែន៕