(ព្រះវិហារ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ត្រឹមតែរយៈពេល ៦ខែ សម្រាប់ដើមឆ្នាំ២០២០នេះ ពោលចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់យកអាយុជីវិតមនុស្សអស់ចំនួន៨៣៣នាក់ ក្នុងនោះមាន ៦១%គ្រោះថ្នាក់ដោយសារបើកបរលើសល្បឿនកំណត់ និង៧៣%ទៀត បើកបរអត់ពាក់មួកវត្ថិភាព។

លោកស្រី មឹន មាណវី បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកស្រីតំណាងឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ដោយបានសហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋនៅស្រុករវៀង ខេត្តព្រះវិហារ នៅក្នុងបរិវេណសាលាស្រុករវៀង។

លោកស្រី មឹន មាណវី បានថ្លែងបញ្ជាក់ថា គោលបំណង នៃការចុះអប់រំផ្សព្វផ្សាយនៅពេលនេះ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ជាពិសេសអ្នក ប្រើប្រាស់ទោចក្រយានយន្តឱ្យ យកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យនៅទាបបំផុត។

លោកស្រី មឹន មាណវី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដោយត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលវេលា រាល់ពេលបើកបរម៉ូតូ ឫរ៉ឺម៉ក និងគោយន្តកន្ត្រៃយ៍មិនត្រូវឱ្យលើសសល្បឿនកំណត់ ត្រូវបើកបរគោរពសិទ្ធអាទិភាព បើកបរប្រកាន់ស្តាំជានិច្ចពិសេសគឺកុំបើកបរវ៉ាជែងដោយប្រថុយប្រថាន និងខ្វះការប្រុងប្រយត្ន័ជាដាច់ខាត និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងនោះទេ។

ដោយឡែកលោក គោ ស៊ុំប៊ុនសឿត បានថ្លែងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលវេលា រាល់ពេលបើកបរម៉ូតូមិនថាឃើញប៉ូលីសចរាចរណ៍ ឫមិនឃើញនោះទេ។

លោកកត់សម្គាល់ឃើញថា ពេលព្រឹកប៉ូលីសចរាចរណ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍តាមដងផ្លូវ ឃើញប្រជាពលរដ្ឋធ្វើដំណើរដោយម៉ូតូពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា ចំណែកពេលល្ងាចវិញ ពេលដែលប៉ូលីសអត់មានតាមដងផ្លូវ គឺប្រជាពលរដ្ឋអត់ពាក់មួកសុវត្ថិភាពនោះទេ ដែលករណីនេះលោកសំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍ជាងខ្លាចប៉ូលីសចរាចរណ៍ ទើបជាការប្រសើរ៕