(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនព្រះសង្ឃ នៅក្នុងវត្តមួយចំនួន ក្នុងខេត្តកំពង់ធំ ព្រមទាំងនាំគ្នាអនុវត្តន៍គោលការណ៍អនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រីក៏បានថ្លែងឲ្យដឹងថា ការការពារពីឆ្លងជម្ងឺកូវីដ១៩ត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ហើយការគោពរទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនាក៏ត្រូវតែប្រតិបត្តិ ឲ្យបានខ្ជាប់ខ្ជួន ប៉ុន្តែត្រូវមានការប្រុងប្រយត្ន័ខ្ពស់។
ការលើកឡើងរបស់លោកស្រី ខៀវ ស៊ីណា ជាចាន់តូ ធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសលោកស្រី និងក្រុមការងារនាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងព្រមទាំងបច្ច័យមួយ ទៅវេប្រគេនព្រះសង្សា នៅតាមបណ្ដាវត្តមួយចំនួនក្នុងស្រុកសន្ទុក ខណៈដែលពិធីបុណ្យនេះ នឹងឈានចូលមកនៅថ្ងៃ១រោច ខែអាសាឍ ឆ្នាំជូតឯកស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននៅចំពោះមុខមិនថា ចាស់ក្មេងឬព្រះសង្ឃទេ ត្រូវតែបន្តយកចិត្តទុកដាក់ការពារខ្លួន ឲ្យបាគ្រប់ពេលវេលា ដើម្បីការពារជម្ងឺកូវី១៩ តាមដូចអ្វីដែលជាការណែនាំ របស់ក្រសួងសុខាភិបាលដូចជា ការរក្សាអនាម័យ ការរក្សាគម្លាតពីគ្នា និងការសម្អាតផ្ទះសម្បែងជាដើម។
លោកស្រីបន្តថា ទោះបីជម្ងឺកូវី១៩មិនទាន់ផុតរលត់ពីលើលោកមែន តែយើងអាចធ្វើបុណ្យទាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាបាន ដូចជាការនាំទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តនីមួយៗ ដដែលដោយការទទួលខុសត្រូវខ្ពស់បំផុត ពិសេសគឺការរក្សាគម្លាតពី មនុស្សម្នាក់ទៅមនុស្សម្នាក់ ដើម្បីការពារទាំងអស់គ្នា សម្រាប់សេចក្ដីសុខយើងម្នាក់ៗទាំងផ្លូវកាយ និងទាំងផ្លូវចិត្តហើយសេចក្ដីសុខនេះ កើតចេញពីមនុស្សយើងគ្រប់រូបៗ។
លោកស្រីបានបន្តថា សន្តិភាពមានតម្លៃធំធេងណាស់យ៉ាងណាមិញ ក្នុងសង្គមគ្រួសារមួយ បើមិនសន្សំ និងព្យាយាមប្រឹងប្រែងស្វែងរក ដោយខ្លួនយើងទេគ្រួរសារយើង ក៏មិនអាចទទួលបាន នូវសេចក្ដីសុខ និងមានសុភមង្គលដែរ។ លោកស្រីថា ដោយមើលឃើញអំពីតម្លៃ និងតួនាទីរបស់វិស័យព្រះពុទ្ធសាសនានោះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលក្នុងនោះមានប្រជា
ពលរដ្ឋខ្មែរជាង៩៥ ភាគរយ ជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ហើយបើគ្មានសន្តិភាព ក៏គ្មានឱកាសធ្វើបុណ្យទានដូចពេលនេះដែរ អរគុណសន្តិភាព។
សូមជម្រាបថា ទៀនព្រះវស្សា, គ្រឿងឧបភោគ, បរិភោគ, បរិក្ខា និងបច្ច័យដែលបានវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស សម្រាប់វត្តទាំង១២ក្នុងស្រុកសន្ទុក ដោយក្នុងនោះមួយវត្តៗទទួលបាន ទៀនព្រះវស្សា១គូរ, អង្ករ, មី, ត្រីខ, ទឹកដោះគោ, ទឹកសុទ្ធ ទឹកក្រូច, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ប៊ីចេង, តែ, កាហ្វេ និងបច្ច័យមួយចំនួនផងដែរ៕