(ឧត្តរមានជ័យ)៖ បន្ទាប់ពីប្រជាពលរដ្ឋចំនួន ៥៣២គ្រួសារ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានបណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីដោយស្របច្បាប់ ពីអាជ្ញាធរខេត្តឧត្តរមានជ័យ, លោក ប៉ែន កុសល្យអភិបាល ខេត្តឧត្ដរមានជ័យ បានថ្លែងថា មានបណ្ណកម្មសិទ្ធកាន់កាប់ដីធ្លី ប្រៀបបាននឹងកាត់បន្ថយទំនាស់ ពិសេសមិនមានជនណាមករំលោភបំពានបានឡើយ។
ពិធីចែកបណ្ណកម្មសិទ្ធដីធ្លីនេះ ស្ថិតក្រោមវត្តមានលោក ប៉ែន កុសល្យ និងលោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុងសំរោង លោកមេឃុំ ចៅសង្កាត់ ប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលាបឋមសិក្សាភ្នៀត។
លោក ប៉ែន កុសល្យ បានលើកឡើងបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាមួយគ្នានោះបានធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធកាន់កាប់ដីធ្លី និងទ្រព្យសម្បត្តិផ្សេងៗដោយស្របច្បាប់។ លោកថ្លែងថា ការចុះចែកវិញ្ញាបនបត្រនេះ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការស្នើសុំលិខិតអនុញ្ញាតសាងសង់ និងអាចយកទៅដោះស្រាយជីវភាពគ្រួសារ និងជាអំណោយឲ្យទៅកូន ជាពិសេសអាចកាត់បន្ថយនូវជម្លោះ និងសុវតិ្ថភាពនៃការកាន់កាប់ដីធី្លផងដែរ។
លោកអភិបាលខេត្តបានបន្តថា «ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានវិញ្ញាបនបត្រកម្មសិទ្ធនេះ គ្មានអ្នកណាហ៊ានមករលោភបំពានដីធ្លីរបស់បងប្អូនឡើយ។ ប័ណ្ណនេះ គឺជាឯកសារដ៏សំខាន់ ដែលសម្គាល់ថាបងប្អូនជាម្ចាស់កម្មសិទិ្ធនៅលើដីនេះ។ ហេតុដូច្នេះសូមបងប្អូនថែរក្សាឲ្យបានល្អទុកដាក់វាឲ្យបានត្រឹមត្រូវដូចការណែនាំរបស់មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយត្រូវថែរក្សាទុកដាក់ឲ្យមានសុវត្ថិភាព ចៀសវាងរហែក ពុក និងមិនត្រូវអ៊ុតផ្លាស្ទិកឲ្យរឹងឡើយ»។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការណ៍ទាំងឡាយរបស់ក្រសួងសុខាភិបាលដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩(COVID-19)។ លោកផ្តាំថា «យើងអាចភ្លេចជំងឺកូវីដ-១៩បាន តែជំងឺកូវីដ-១៩ មិនដែលភ្លេចយើងឡើយ»៕