(ស្ទឹងត្រែង)៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងផ្តាំផ្ញើដល់មន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែង ត្រូវប្រកាន់យកឲ្យខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
ការផ្តាំផ្ញើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនា ខេត្តស្ទឹងត្រែង។ ក្នុងនោះដែរក៏មានការចូលរួមជាគណៈអធិបតី ដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងគណៈអភិបាលខេត្ត និងមន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនាខេត្ត ចំនួន ៤៥នាក់។
លោក ឈិន សុខុម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ធ្វើយ៉ាងត្រូវពិនិត្យមើលច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងធម្មការ និងសាសនា និងលិខិតបទដ្ឋានរបស់ក្រសួងផ្សេងទៀតដែលពាក់ព័ន្ធ ដើម្បីឱ្យមានភាពច្បាស់លាស់ និងប្រសិទ្ធភាពក្នុងការអនុវត្តន៍ និងត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាព ធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនគ្រប់ថ្នាក់ ដើម្បីពង្រឹងរបៀបរបប ការងារឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ»។
លោករដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក និងជូនពរពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ដល់មន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែងផងដែរ។
ទន្ទឹមនឹងនោះដែរ លោក ឈិត សុខុន បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តស្ទឹងត្រែង ជាពិសេសលោកអភិបាលខេត្តស្ទឹងត្រែង ដែលបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែង និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្ត ដែលមានឆន្ទៈស្រួចស្រាល់ និងការប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការ និងសាសនា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕