(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំមហាសន្និបាត ភាគហ៊ុនិកលើកទី៨របស់ខ្លួន ក្រោមវត្ដមាន លោក អ៊ុំ សុថា ប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមានការចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនិកជាច្រើននាក់។
ថ្លែងក្នុងសន្និបាតនោះ លោក អ៊ុំ សុថា បានបញ្ជាក់ពីលទ្ធផល ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខិតខំសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងទៅរួមមាន៖
* ផលិតទឹកស្អាតបាន ២២១,៦៨៦,៥០៥ម៉ែត្រគូប
* ពង្រីកបណ្ដាញចែកចាយបន្ថែមថ្មីបាន ២៤២,៦៩ គីឡូម៉ែត្រ
* បង្កើនអតិថិជនថ្មីបានចំនួន ២៣,០៣៥ ក្នុងនោះ អតិថិជនចំណូលទាប មានចំនួន១,៣៩០គ្រួសារ
* រក្សាអត្រាទឹកបាត់បង់ត្រឹមកម្រិត ៨.៩៤%
* ចំណូលសរុបមានចំនួន ២១៦,៤៩៦,៨១៦,០០០រៀល (ជិត៥៥លានដុល្លារ)
* ចំណេញក្រោយបង់ពន្ធមានចំនួន ៣៣,២៩១,៩១៣,០០០រៀល
* ចំណេញជាមូលដ្ឋាន ក្នុងមួយភាគហ៊ុន (Basic Eamings per Share) គឺ៣៨២.៧៨រៀល។
លោក អ៊ុំ សុថា បានឲ្យដឹងថា ក្រោយពីការបែងចែក ប្រាក់ចំណេញតាមលក្ខន្ដិកៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងសម័យប្រជុំលើកទី៣ អាណត្តិទី៧ កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ ក្រុមប្រឹក្សាភិបាល បានឯកភាពជាឯកច្ឆន្ទ រក្សាទុកប្រាក់ចំណេញចំនួន ៩,៩៥៨,៨៩៨,៤៨០រៀល សម្រាប់បន្ដវិនិយោគទៅអនាគត និងទឹកប្រាក់នៅសល់ចំនួន២០,០០៣,៨២៧,២៦០រៀល សម្រាប់បែងចែក ភាគលាក់ជូនភាគហ៊ុនិក។
ជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ទៀតថា «ភាគលាភនេះ នឹងត្រូវបែងចែកជាសាច់ប្រាក់ជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងទឹកប្រាក់២៣០រៀល ក្នុងមួយភាគហ៊ុន ដែលមានទិន្នផលភាគលាភ (Dividend Yield) ស្មើនឹង៤.០៩%»។
លោកបានឲ្យដឹងទៀតថា សមិទ្ធផលថ្មី ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលសម្រេចបានក្នុងឆ្នាំ២០១៩កន្លងមក គឺរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចម្ការមន មានសមត្ថភាពផលិត៥២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបានចាប់ផ្តើមសាងសង់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក រួមទាំងបំពង់ចែកចាយទឹកថ្មី ប្រវែង៥៧៨គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការ ចាប់តាំងពីខែតុលា ឆ្នាំ២០១៩។
ប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រូបនេះ បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីនេះ បានជួយធ្វើឲ្យសម្ពាធទឹក ក្នុងខណ្ឌទាំង៤ កណ្ដាលរាជធានីភ្នំពេញ បានប្រសើរឡើង ដែលជាទីរីករាយ របស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះ។
ដោយឡែកក្នុងឆ្នាំ២០២០នេះ សមិទ្ធផលថ្មីមួយទៀត កំពុងតែចាប់បដិសណ្ឋិឡើង គឺរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង ដែលនឹងមានសមត្ថភាពផលិតសរុប ៣៩០,០០០ម៉ែត្រគូបក្នុងថ្ងៃ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ និងគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ ក្រោមហិរញ្ញប្បទានសម្បទាន របស់ទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍ (AFD) និងធនាគារវិនិយោគ អ៊ីរ៉ុប (EIB) ព្រមទាំងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានទឹកប្រាក់សរុប ៣៦៤,៤លានដុល្លារអាមេរិក។
លោក អ៊ុំ សុថា អះអាងថា សមិទ្ធផលនេះ នឹងធ្វើឲ្យកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០២៣៕