(ភ្នំពេញ)៖ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា និងសប្បុរសជននានា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីប្រគល់អំណោយមនុស្សធម៌មួយចំនួនដល់កុមារកំព្រា សរុបចំនួន ១៥០នាក់ និងបុគ្គលិក២៨នាក់ ដែលកំពុងស្នាក់នៅ និងសិក្សាក្នុងមណ្ឌលកុមារកំព្រាក្នុងរាជធានីភ្នំពេញ។
អំណោយមនុស្សធម៌ទាំងនេះរួមមាន សម្ភារសម្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩ សម្ភារសិក្សា ស្បៀងអាហារ និងថវិកាចំនួន ២០១៧.៥ដុល្លារអាមេរិក ហើយពិធីនេះបានធ្វើឡើងនៅមណ្ឌលកុមារកំព្រាកូលាប៤ ជិតផ្សារហេងលី ភ្នំពេញ។
លោកស្រី ឡាយ អូនរី អនុប្រធានសមាគមអតីតកម្មសិក្សាការី JICA បានថ្លែងផ្តាំផ្ញើឱ្យកុមារកំព្រានៅមណ្ឌលនេះ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីយកទៅបម្រើជីវិតនៅថ្ងៃអនាគត។ លោកស្រីបានរំលឹកថា «មានតែចំណេះវិជ្ជាទេ ដែលធ្វើឲ្យអនាគតប្អូនៗភ្លឺស្វាង»។
លោកស្រី ឡាយ អូនរី ក៏បានដាស់តឿនដល់កុមារកំព្រាទាំងអស់ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ព្រោះបើសេពគ្រឿងញៀន នឹងនាំឲ្យខូចអនាគតជាក់ជាមិនខាន។ លើសពីនេះ ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតពេញពិភពលោក មានទាំងកម្ពុជាផងដែរនោះ លោកស្រីអនុប្រធាន ថែមទាំងបានជំរុញដល់បុគ្គលិក ដែលបម្រើការនៅមណ្ឌលកុមារកំព្រា ឲ្យយកចិត្តទុកដាក់ថែរក្សាកុមារតូចៗ ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕