(ពោធិ៍សាត់)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងទាំងព្រឹក កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យលេបត្របាក់នោះ ទី១៖ ផ្ទះធំមួយខ្នង មានទំហំ (៧គុណ៩ម៉ែត្រ) ធ្វើអំពីថ្មក្រោម ឈើលើ ប្រក់គ្បឿង ក្រាលក្តា ជញ្ជាំងក្តា និងទី២៖ ផ្ទះបាយមួយខ្នង មានទំហំ (៤គុណ៥ម៉ែត្រ) ធ្វើអំពីឈើ ចាក់សាប ថ្មក្រោម ជញ្ជាំងក្តា ដំបូលប្រក់សង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ ញឹម សារូ ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ឃុំ កើតហេតុខាងលើ។

សេចក្តីរាយការណ៍បន្តថា ផ្ទះនេះម្ចាស់ទុកចោលរយៈពេល០៦ឆ្នាំមកហើយ ពោលគឺគាត់ចាក់សោរចោល ទៅរស់នៅជាមួយកូន ក្នុងភូមិរហាទិល ឃុំតាលោ ស្រុកតាសែនជ័យ និងបានមកលេងម្តងម្កាលពេលមានរវល់។

ករណីនេះត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញមានភ្លើងឆេះចេញពីក្នុងផ្ទះ ជ្រុងខាងត្បូង កែងខាងកើត ដោយខូចខាតសម្ភារៈក្នុងផ្ទះ រួមមាន៖ ផ្ទះធំមួយខ្នង, ផ្ទះបាយមួយខ្នង, ថូរផ្កាធ្វើពីឈើមួយគូរ (កម្ពស់១,៥ម៉ែត្រ), តុតាឈើ០៣គ្រាប់, គ្រែឈើមួយគ្រឿង, ទូរឈើដាក់ខោអាវ០២, ទូរដែកដាក់ចានឆ្នាំងមួយ, តុឈើធម្មជាតិមួយ, ម៉ូទ័រគ្រឿងឈើមួយឈុត និងហង្សតេឈើ០២។

សេចក្តីរាយការណ៍បន្ថែមថា នៅពេលកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម កម្លាំងបានចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ដោយប្រើរថយន្តបាញ់ពន្លត់អគ្គិភ័យ ចំនួ០៣គ្រឿង (មួយគ្រឿង របស់អធិការដ្ឋាននគរបាលស្រុកបាកាន និង០២គ្រឿងទៀត របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រើប្រាស់ទឹកអស់០៣ឡាន ទើបពន្លត់បានជាស្ថាពរ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានសមត្ថកិច្ច ដាក់ការសន្និដ្ឋានថា អាចមកពីទុស្សេខ្សែភ្លើង៕