(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជា ដែលជានិស្សិត និងពលករចំនួន ១៥៨នាក់ទៀត ដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសម៉ាឡេស៉ី បានធ្វើមាតុភូមិនិវត្តន៍មកវិញហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីមានការសម្របសម្រួលដោយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ប្រពលរដ្ឋខ្មែរទាំង ១៥៨នាក់នោះ បានចាកចេញពីទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩៖០០នាទីព្រឹក និងមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ០៩៖៥០នាទីព្រឹក ហើយជើងហោះហើរនេះ ក៏មានអ្នកដំណើរជាជនជាតិម៉ាឡេស៉ី ២នាក់ផងដែរ។
លោក កុយ គួង បានឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋខ្មែរទាំងនេះ បានធ្វើដំណើរតាមជើងហោះហើរលេខ MH754 ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី ហើយការធ្វើមាតុភូមិន៍របស់ពួកគេ បន្ទាប់ពីមានការសហការ និងជួយសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៉ី។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៥៖៣០នាទី ប្រជាពលរដ្ឋខ្មែរ ដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៉ី ដោយសារជំងឺកូវីដ១៩ សរុប២០៤នាក់ ក៏បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញផងដែរ៕