(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិនិត្យ និងស្រាវជ្រាវ លើលិខិត បញ្ជាក់ទទួលសិទ្ធិកាន់កាប់ដីធ្លី ឬលិខិតផ្ទេរសិទ្ធិ កាន់កាប់ដីធ្លី និងឯកសារពាក់ព័ន្ធនានា ស្ថិតនៅក្នុងបរិវេណទីតាំង ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរថ្ម ខេត្តព្រះសីហនុ។
តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រសួងកសិកម្ម នឹងជំរុញដំណើរការអនុវត្ត អភិវឌ្ឍន៍គម្រោងការដាំដុះឈើឡើងវិញ ឲ្យបានចប់សព្វគ្រប់រួចរាល់ ស្របតាមទិសដៅផែនការ និងពេលវេលាដែលបានកំណត់។
ការធ្វើបែបនេះ ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ នៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការពិនិត្យ និងស្រាវជ្រាវការកាន់កាប់ដីរដ្ឋ ស្ថិតនៅក្នុងបរិវេណទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរថ្ម ខេត្តព្រះសីហនុ។
ក្រសួងបានបន្ថែមទៀតថា ដូចនេះ ដើម្បីបង្ការជៀសវាងបញ្ហា ប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឯកសារ តម្លៃគតិយុត្ត នៅជាធរមាន ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី ក្នុងបរិវេណទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរថ្ម យកមកបង្ហាញ និងផ្តល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ព្រះសីហនុ ដែលមានអាសយដ្ឋាន៖ ភូមិអូរ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (លេខទូរសព្ទទំនាក់ទំនង ០១២ ៩៨៣ ១៤៩) ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ជាកំហិត។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ មិនបានផ្តល់ឯកសារពាក់ព័ន្ធ ខកខាន ឬមាន ភាពយឺតយ៉ាវ ក្រសួងនឹងមិនទទួលខុសត្រូវ ចំពោះការខាតបង់នោះឡើយ៕