(ភ្នំពេញ)៖ សហគ្រិនស្ត្រីវ័យក្មេងចំនួន៣រូប បានរួមគ្នាបើកដំណើរការសេវាកម្មថ្មីមួយ «ឈ្មោះយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP ឬ VIP Air Ambulance» ក្នុងស្ថានភាពដែលពិភពលោក កំពុងជួបប្រទះបញ្ហាកូវីដ-១៩។

សេវាយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP នេះ បង្កើតឡើងក្នុងគោលបំណង ជួយសម្រួលដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺដែលស្វែងរក សេវាសង្គ្រោះបន្ទាន់មួយចំនួន ក្នុងករណីដែលការព្យាបាល ក្នុងស្រុកពុំទាន់មាន។

ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់សេវាកម្ម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ កញ្ញាវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិកាមណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា បានលើកឡើងថា សេវាថ្មីនេះ មានគោលបំណងជួយលើកកម្ពស់គុណភាពព្យាបាល សុក្រិត្យភាពនៃរោគវិនិឆ្ឆ័យ អន្តរាគមន៍វេជ្ជសាស្ត្រ និងសលសាស្ត្រ ឲ្យទាន់ពេលវេលា។

កញ្ញាវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា បានបន្ថែមទៀតថា សេវាកម្មនេះ នឹងជួយសម្រួលរាល់ បែបបទឯកសារ រដ្ឋបាលរវាងប្រទេសទាំងពីរ ឲ្យបានត្រឹមត្រូវ ក្នុងស្ថានភាពកូវីដ១៩ផងដែរ។

សេវានេះ បើកដំណើរការឡើង គឺប្រកបដោយស្តង់ដារមួយ មានការកំណត់តម្លៃថេរ និងច្បាស់លាស់ រួមជាមួយការសហការ ជាមួយក្រុមហ៊ុន Air Ambulance ដើម្បីសម្រួលដល់អតិថិជន ក្នុងការចំណាយឲ្យបានត្រឹមត្រូវ ក្នុងពេលជួបគ្រាលំបាក។ សេវានេះ ត្រូវបានផ្តល់ជូន៧ថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោងក្នុងមួយថ្ងៃ៕