(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំមន្ត្រីចូលរួមប្រជុំក្នុងសន្និបាតក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិ លើកទី ១៣៥/១៣៦ ដែលសម្រេចរៀបចំដោយអង្គការគយពិភពលោក តាមរយៈប្រព័ន្ធវីដេអូ (Virtual Meeting) កិច្ចប្រជុំនេះ បានធ្វើឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
សន្និបាតនេះដឹកនាំដោយលោក A.AL KHALIFA (Bahrain) ប្រធានក្រុមប្រឹក្សាស្តីទី ដោយមានការចូលរួមពីអគ្គនាយកគយនៃប្រទេសជាសមាជិកចំនួន ១៤០។
ជាកិច្ចចាប់ផ្តើម លោក Kunio Mikuriya អគ្គលេខាធិការនៃអង្គការគយពិភពលោក បានរាយការណ៍ជូនអង្គសន្និបាតថា ដោយសារការរីករាលដាលជាសាកល នៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ-១៩ ផែនការសកម្មភាពមួយចំនួនដូចជា ការផ្តល់ជំនួយបច្ចេកទេសកិច្ចប្រជុំបេសកកម្មការកសាងសមត្ថភាពវគ្គបណ្តុះបណ្តាលត្រូវបានលុបចោល និងពន្យារពេលតែទោះ ជាយ៉ាងណាក៏ដោយក្នុងគោលបំណងដើម្បីធានាឱ្យមានដំណើរការដោយប្រក្រតី នៃស្ថាប័ន អង្គការគយពិភពលោក របៀបវារៈនៃសន្និបាតនេះ ផ្តោតតែលើបញ្ហាសំខាន់ៗ និងបន្ទាន់មួយចំនួនប៉ុណ្ណោះ។
ជាលទ្ធផលអង្គសនិ្នបាតបានពិភាក្សា និងបោះឆ្នោតអនុម័តលើរបៀបវារៈសំខាន់ៗ រួមមានទី១៖ បោះឆ្នោតកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ (Virtual Meeting) នេះ ជាអង្គសន្និបាតក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិលើកទី១៣៥/១៣៦ និងបោះឆ្នោតអនុម័តរបៀបវារៈ ដែលស្នើឡើង, ទី២៖ អនុម័តទទួលយកការធ្វើវិសោធនកម្មប្រព័ន្ធសុខដុមនីយកម្ម HS 2022 តាមការអនុម័តរបស់ គណៈកម្មាធិការប្រព័ន្ធសុខដុមនីយកម្ម របស់អង្គការគយពិភពលោក, ទី៣៖ អនុម័តលើការពន្យារពេលជាពិសេស ចំពោះអណត្តិ របស់ប្រធានក្រុមប្រឹក្សាស្តីទី ដូចជាប្រធាន និងអនុប្រធានគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការហិរញ្ញវត្ថុ និង៤៖ បោះឆ្នោតអនុម័តរបាយការណ៍គណៈកម្មាធិការហិរញ្ញវត្ថុ។
សន្និបាតក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិលើកទី១៣៧/១៣៨ គ្រោងនឹងប្រពឹត្តទៅនាខែធ្នូ ឆ្នាំ២០២០៕